សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបន្តផ្តល់គោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។

រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ ស្រូវអង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ ហើយទន្ទឹមនេះ ការនាំចូល បរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង។ រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម, រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ ក្រៅពីកត្តាទិន្នផល, កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា ទាំងពីសំណាក់រាជរដ្ឋាភិបាល និង វិស័យឯកជន បានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសយើងជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសដែល មានបទពិសោធន៍ និង កាន់កាប់ទីផ្សារ ក្នុងរយៈពេលយូរឆ្នាំក៏ដោយ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ រួមទាំងអាណត្តិទី៧នេះ មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ។

សម្ដេចថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មគឺ ទី១) ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ទី២) ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់ និង ទី៣) ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។ កម្មវិធីគោលនយោបាយទាំងបីនេះ បាន និង កំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវ ។

សម្ដេចធិបតី បានបន្តថា សម្រាប់ការបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ ក៏បានជ្រើសរើស និងបណ្តុះបណ្តាលបានចំនួន ២៥០ នាក់ រួចហើយ និងគ្រោងប្រឡងជ្រេីសបន្ថែមដល់ចំនួន១០០០នាក់នៅឆ្នាំក្រោយ ដេីម្បីពន្លឿនកាលដាក់ពង្រាយមន្រ្តីកសិកម្មសម្រាប់ជួយផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករនៅតាមឃុំ-សង្កាត់ក្នុងការរៀបចំស្តង់ដា និងបង្កេីនប្រសិទ្ធិភាព ដែលអាចកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនផលិតភាពដេីម្បីបង្កេីនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ចំពោះការអភិវឌ្ឍកសិកម្មទំនើប ក៏បានបង្កើតសហគមន៍ចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីចំនួនជិត ២.០០០ ហិកតា ហើយក្នុងនោះ ក៏មានសហគមន៍សម្រាប់ផលិតកម្មស្រូវផងដែរ ។

សម្តេធិបតី បានបន្ថែមទៀតថា ក្នុងបរិបទនៃសេដ្ឋកិច្ចមិនទាន់នឹងនរ រាជរដ្ឋាភិបាលបានជួយដល់ប្រជាពលរដ្ឋតាម ២ រូបភាព គឺការឧបត្ថម្ភជាសាច់ប្រាក់ និងការលើកលែង ឬបន្ធូរបន្ថយពន្ធអាករ ។ ក្នុងរូបភាពទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់តាមរយៈវិស័យសង្គមកិច្ច ដែលមានការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងប្រជាពលរដ្ឋរងសម្ពាធដោយវិបត្តិជំងឺកូវីដ-១៩ សរុបចំនួនប្រមាណ ៧០ ម៉ឺន គ្រួសារ ស្មើនិង ២ លាន ៨សែន នាក់ ដោយចំណាយអស់ថវិកាជាង ១.៤០០ លានដុល្លារអាមេរិក ។ រូបភាពទី២ គឺរាជរដ្ឋាភិបាលបាន ផ្តល់ការអនុគ្រោះដល់វិស័យឯកជន ដូចជាការមិនយកពន្ធ ឬបន្ថយពន្ធ ដោយក្នុងនោះមាន ការលើកលែងពន្ធប្រចាំឆ្នាំលើដីកសិកម្ម, ការលើកលែងពន្ធលើដីសម្បទានសេដ្ឋកិច្ចដែលពាក់ព័ន្ធកសិកម្ម, សហគ្រាសកសិកម្មដែលអាចសុំការអនុគ្រោះតាមគម្រោងមានលក្ខណៈគ្រប់គ្រាន់អនុគ្រោះពន្ធអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋលើការនាំចូល និងការផ្គត់ផ្គង់លើទំនិញមួយចំនួនដូចជា ជី ពូជដំណាំ ចំណីសត្វផ្សេងៗ ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ជាដើម ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងបន្ថែមទៀតថា រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner