រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩០៣នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យ សុខាភិបាលគ្រប់ ឋានានុក្រមឱ្យចាប់អារម្មណ៍ថា វិស័យសុខាភិបាល គឺជាឧស្សាហកម្មនៃសេវាកម្ម ដូច្នេះ មន្ទីរពេទ្យគ្រប់កម្រិត និង មណ្ឌល សុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំការផ្តល់សេវា របស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពជាជំហ៊ានៗ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់មន្ទីរពេទ្យ ជាពិសេសសម្រាប់មន្ទីរពេទ្យបង្អែកស្រុក ខេត្ត គ្រប់កម្រិត ឱ្យបង្កើតយន្តការពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យដែលមានពហុជំនាញ ជួបជជែកពិភាក្សាគ្នាលើការផ្តល់រោគវិនិច្ឆ័យ-វិធីសាស្ត្រព្យាបាល និងការតសមដានបន្ត។ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ ថ្នាក់ដឹកនាំនៅតាមឋានានុក្រមបន្តបន្ទាប់ត្រូវចូលរួមអនុវត្តទៅតាមតួនាទី និងភារកិច្ច ដើម្បីធានាឱ្យមានខ្សែគណនេយ្យភាពពីប្រធានស្ថាប័ន រហូតដល់អ្នកអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ក្រុមការងារមណ្ឌលសុខភាពចំណារក្រោមនៃមន្ទីរសុខភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការមកប្រើប្រាស់សេវានៅមណ្ឌលសុខភាព និងមណ្ឌលសុខភាពស្លា នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការស្រាវជ្រាវរកអ្នកជំងឺទឹកនោមផ្អែមនៅក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព ៕
ដោយ ៖ ហេង សម្បត្តិ