ព្រះរតនសោភ័ណ ម៉ន បឿន នាំយកអង្ករ ១តោន និងបច្ច័យមួយចំនួនប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី ដើម្បីឧបត្ថម្ភព្រះសង្ឃសិក្សារៀនសូត្រ
ភ្នំពេញ៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ជាព្រះចៅអធិការវត្តចំបក់ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បាននិមន្តនាំយកអង្ករ ១តោន និងបច្ច័យ ៣០០ដុល្លារ ទៅប្រគេនសម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទីនៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឧបត្ថម្ភព្រះសង្ឃសិក្សារៀនសូត្រនៅសាលាពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះក្អែក។
ការនាំអង្ករ និងបច្ច័យរបស់ព្រះរតនសោភ័ណ ម៉ន បឿន ទៅប្រគេនដល់ សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង នៅពេលនេះគឺជាការចូលរួមចំណែកកាត់បន្ថយការលំបាករបស់ទីវត្តអារាម ដែលមានព្រះគង់នៅបន្តការសិក្សានៅរាជធានីភ្នំពេញ ជាពិសេសដើម្បីចូលរួមរួមចំណែកដល់ការសិក្សារៀនសូត្ររបស់ព្រះសង្ឃជាដើម។
ព្រះអង្គមានសង្ឃដីការបានបន្ថែមទៀតថាការឧបត្ថម្ភអង្ករ និងបច្ច័យនាពេលនេះក៏ជាចំណែកមួយនៅក្នុងការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណះសង្ឃនៅក្នុងការបង្កើតធនធានមនុស្សផ្នែកពុទ្ធចក្រនៅកម្ពុជាកាន់តែបានច្រើន និងប្រកបដោយចំណេះដឹង ខណៈបច្ចុប្បន្ននេះ ពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះកែ្អក ដែលមានសមណសិស្ស កំពុងសិក្សាទាំង ៣ ថ្នាក់គឺ (ថ្នាក់ទី១ ទី២ និងទី៣) មានព្រះសង្ឃជិត ៣០០អង្គ ៕
ដោយ ៖ ង៉ាន់ ទិត្យ