កាណាដាបិទការលក់អាវុធទៅឱ្យអ៊ីស្រាអែល
បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសខ្លួនទើបតែបានបិទការដឹកជញ្ជូនអាវុធទៅអ៊ីស្រាអែល ដែលប៉ុនប៉ងធ្វើចំនួន៣០លើក របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធកាណាដា ដែលធ្វើការជាមួយក្រុមហ៊ុនលក់អាវុធសហរដ្ឋអាមេរិក General Dynamics ។
អាវុធថ្មីទាំងនេះត្រូវបានគេដឹងថា អាចនឹងត្រូវប៉ុនប៉ងយកទៅប្រើប្រាស់ ក្នុងតំបន់ហ្គាហ្សា ខណៈដែលទឹកដីប៉ាឡេស្ទីនមួយនេះ ត្រូវបានឡោមព័ទ្ធ ប្រឈមមុខនឹងវិបត្តិមនុស្សធម៌កាន់តែកើនឡើង។
រដ្ឋមន្ត្រីការបរទេស លោកស្រី Melanie Joly បាននិយាយថា លោកស្រីបានបញ្ជាឱ្យពិនិត្យឡើងវិញ នូវកិច្ចសន្យារបស់អ្នកផ្គត់ផ្គង់អាវុធកាណាដាទាំងអស់ ជាមួយអ៊ីស្រាអែលនិងប្រទេសដទៃទៀត។
គួរកត់សម្គាល់ថា មិនមែនមានតែកាណាដាទេ សូម្បីតែ អង់គ្លេស ក៏ទើបបានអះអាងដែរថា ខ្លួននឹងផ្អាកការនាំចេញអាវុធមួយចំនួន ទៅអ៊ីស្រាអែល ដោយលើកឡើងពី «ហានិភ័យខ្លាំង» ដែលថា សកម្មភាពទាំងនេះ បំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់មនុស្សធម៌អន្តរជាតិ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
