មេធំ SpaceX នឹងបញ្ជូនយានអវកាសទៅភពអង្គារនៅឆ្នាំ ២០២៦
វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នាពេលថ្មីៗនេះថា SpaceX នឹងចាប់ផ្តើមដំណើរការបញ្ជូនយានអវកាស Starships ទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០២៦ មុនពេលចិនធ្វើបានសម្រេចនៅឆ្នាំ ២០២៨។
លោក Musk បានបញ្ជាក់យ៉ាងដូច្នេះថា ការបញ្ចូនយានគ្មានអវកាសយានិកនេះ ជាការសាកល្បងចុះចតនៅលើភពព្រះអង្គារ និងថា ប្រសិនបើការចុះចត នោះដំណើរការរលូន ក្រុមហ៊ុនអវកាសរបស់គាត់នឹងចាប់ផ្តើមការហោះហើរយានមានផ្ទុកអវកាសយានិកលើកដំបូងទៅកាន់ភពអង្គារក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀតនេះ។
មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ការធ្វើដំណើរទៅកាន់ភពអង្គារនឹងកើនឡើងជាលំដាប់ ជាមួយនឹងគោលដៅបង្កើតទីក្រុងនៅទីនោះដែលគ្រោងនឹងចំណាយពេលប្រហែល ២០ឆ្នាំ។
លោក Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX ក្នុងឆ្នាំ ២០០២ កំពុងពឹងផ្អែកលើយានអវកាស Starship ដើម្បីសម្រេចក្តីសុបិន្តរបស់ខ្លួន ក្នុងការផលិតយានអវកាសជំនាន់ក្រោយដ៏ធំ និងពហុបំណង ដែលអាចមានសមត្ថភាពបញ្ជូនមនុស្ស និងទំនិញទៅកាន់ឋានព្រះចន្ទ នៅចុងទស្សវត្សរ៍នេះ ហើយបន្ទាប់មក នឹងបន្តហោះហើរទៅកាន់ភពអង្គារ៕
ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា
