អូស្ត្រាលីនឹងកំណត់អាយុកុមារអាចលេងបណ្តាញសង្គម
កង់បេរ៉ា៖ ប្រទេសអូស្ត្រាលីនឹងហាមឃាត់កុមារ ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអូស្ត្រាលីនឹងពិចារណាហាមឃាត់កុមារមានអាយុអប្បបរមាចន្លោះពី ១៤ទៅ១៦ឆ្នាំ ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក Albanese បាននិយាយថា ច្បាប់សហព័ន្ធដើម្បីទាញកុមារចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងត្រូវបានណែនាំនៅឆ្នាំ ២០២៤នេះ
ដោយពណ៌នាពីផលប៉ះពាល់លើមនុស្សវ័យក្មេងថា ជា “គ្រោះមហន្តរាយ”។
លោក Albanese បន្តថា រដ្ឋាភិបាលនឹងចាប់ផ្តើមការសាកល្បងផ្ទៀងផ្ទាត់អាយុនៅប៉ុន្មានខែខាងមុខនេះ មុនពេលការដាក់ឱ្យប្រើប្រាស់ច្បាប់ដើម្បីអនុវត្តការហាមឃាត់។
លោក Albanese បន្ថែមថា សម្រាប់កុមារមានអាយុអប្បបរមាចន្លោះពី ១៤ ដល់១៦ឆ្នាំ ដែលលេងប្រព័ន្ធផ្សព្វផ្សាយសង្គម មានដូចជា Facebook, Instagram និង TikTok ទំនងជាមិនត្រូវបានហាមឃាត់ទេ។
លោក Albanese បានប្រាប់ទូរទស្សន៍ជាតិអូស្ត្រាលី ABC ថា យើងចង់ឱ្យកុមារទទួលបានបទពិសោធន៍ពិតប្រាកដ ជាមួយមនុស្សពិតប្រាកដ ពីព្រោះយើងដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងបង្កគ្រោះថ្នាក់ដល់សង្គម។
គួរបញ្ជាក់ថា អូស្ត្រាលីបានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ជាក់ស្តែងប្រទេសនេះ មានអ្នកឃ្លាំមើលសុវត្ថិភាពតាមអនឡាញរបស់ខ្លួន ដែលកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Elon Musk៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

