Trump និង Harris ប៉ះសម្តីក្តៅគគុកអំឡុងជំនួបតទល់គ្នាលើកដំបូង

បរទេស៖ លោកស្រី Kamala Harris និង លោក Donald Trump កាលពីថ្ងៃអង្គារ បានជួបជជែកដេញដោលគ្នា តាមទូរទស្សន៍ ឬ Debate ជាលើកដំបូង ដោយបានប៉ះទង្គិចពាក្យសម្តីដ៏ក្តៅគគុក ក្នុងដំណើរឈានទៅប្រជែងដណ្តើមតំណែងប្រធានាធិបតី តាមរយៈការបោះឆ្នោត នាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។

អំឡុងការធ្វើ Debate ជាលើកទី១ ដែលរៀបចំឡើង នៅឯមជ្ឈមណ្ឌលរដ្ឋធម្មនុញ្ញជាតិ ក្នុងទីក្រុង Philadelphia លោកស្រី Kamala Harris បាននិយាយថា លោក Donald Trump បានធ្វើឱ្យអាមេរិក «រញ៉េរញ៉ៃ» ហើយលោក Trump គណបក្សសាធារណរដ្ឋបានតបតវិញថា លោកស្រីជាមនុស្ស «ម៉ាក្សនិយម»។

ដំបូងឡើយ ពួកគេបានចាប់ដៃគ្នា ក្នុងរូបភាពស្រស់ស្អាត ប៉ុន្តែ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ពួកគេចាប់ផ្តើមប្រើពាក្យសម្តីវាយប្រហារគ្នា។

ក្នុងពេលនោះដែរ លោក Trump ថែមទាំងបានអះអាងថា លោកស្រី Harris និងប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យ «មនុស្សរាប់លាននាក់ហូរចូលទឹកដីអាមេរិក ជាមនុស្សដែលចេញពីពន្ធនាគារ, ពីស្ថាប័នផ្លូវចិត្ត ហើយវាជាការសុំសិទ្ធិជ្រកកោន បែបឆ្កួតៗ»។

លោកស្រី Harris បានឆ្លើយតប ដោយញញឹម និងគ្រវីក្បាលថា លោក Trump គឺជាឧក្រិដ្ឋជនដែលត្រូវកាត់ទោស ហើយហៅគាត់ថាជាមនុស្ស «ជ្រុលនិយម»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner