ហ្វីលីពីនដំណើរការឡានក្រុងគ្មានមនុស្សបើកលើកដំបូង ជិះឥតគិតថ្លៃ១ឆ្នាំ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The Philippine News Agency កាលពីថ្ងៃពុធ បានឲ្យដឹងថា ប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានដាក់ឲ្យដំណើរការ រថយន្តក្រុងស្វ័យបើកបរ ជាលើកដំបូង
ហើយអនុញ្ញាតឲ្យប្រជាជន ជិះមិនគិតថ្លៃ រយៈពេលប្រមាណ ១ឆ្នាំដំបូង ទៀតផង។

ឡានក្រុងគ្មានមនុស្សបើកបរនេះ ត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងទីក្រុង New Clark ជាជំហានដំបូង ដែលជាបច្ចេកវិទ្យា របស់ជប៉ុន។ ប្រជាជនអាចធ្វើដំណើរ ជុំវិញទីក្រុង New Clark រួមមានទាំងការជិះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Clark ទៀតផង។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរបរិវត្តន៍ និងអភិវឌ្ឍន៍មូលដ្ឋានហ្វីលីពីន ហៅកាត់ BCDA បាននិយាយថា គម្រោងនេះ គឺជាការសហការរួមគ្នា រវាងក្រុមហ៊ុន Zenmov, Inc. និងក្រុមហ៊ុន MC Metro Transport Operation, Inc.ដោយបានដំណើរការ តាំងពីថ្ងៃអង្គារមកម្ល៉េះ។

ប្រភពបន្តថា ការជិះមិនគិតថ្លៃបែបនេះ គឺនឹងមានរហូតដល់ខែមិថុនា ឆ្នាំក្រោយ ។ បន្ទាប់មក ការិយាល័យដឹកជញ្ជូនផ្លូវគោក និងក្រុមប្រឹក្សាគ្រប់គ្រងសិទ្ធិផ្តាច់មុខ គ្រោងនឹងចេញគោលការណ៍ណែនាំ អំពីថ្លៃសំបុត្រ។

អាជ្ញាធរ BCDA បាននិយាយថា គម្រោងនេះស្របតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការធ្វើឱ្យ New Clark ក្លាយជាទីក្រុង ប្រកបដោយនិរន្តរភាព ឆ្លាតវៃ និងបៃតងដំបូងគេ នៅក្នុងប្រទេសហ្វីលីពីន។

អ្នកតាមដានសង្គមលើផេក Above The Philippines បានបញ្ចេញគំនិតពេញចិត្តនឹងគម្រោងនេះ ដោយពេលចិត្តនឹងបច្ចេកវិទ្យាជប៉ុន ប៉ុន្តែ ខ្លះទៀតបារម្ភថា នឹងប៉ះពាល់ការងាររបស់អ្នកបើកបរឡានក្រុង បច្ចុប្បន្ន៕

ប្រភពពី PNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner