ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ស្នើដល់អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺឱ្យបន្តកិច្ចសហការ
កំពង់ស្ពឺ៖មន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានស្នើដល់អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺ ត្រូវបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័ននិងអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននិងលក្ខន្តិកៈរបស់ខ្លួន។ការស្នើនេះធ្វើឡើងក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺ ក្រោមប្រធានបទស្តីពី “ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១”កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនដែលភ្លេចអង្គការសង្គមស៊ីវិលនោះទេ ។ផ្ទុយទៅវិញនៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ខ្ពស់ដល់អង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពនានាស្របតាមលក្ខន្តិកៈរបស់ខ្លួន។
លោក ជីវ វិជ្ជាក់ អភិបាលខេត្តរងខេត្តកំពង់ស្ពឺបានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានអង្គការមិនមែនរដ្ឋាភិបាលចំនួន៨៤ក្នុងនោះមានសកម្មភាព៤១និងគ្មានសកម្មភាព៤៣ និងមានសមាគមចំនួន៤៦មានសកម្មភាព១៧និងគ្មានសកម្មភាព២៩។អង្គការ សមាគម និងសហគមន៍ទាំងអស់គឺសុទ្ធតែត្រូវបានចុះបញ្ជីទទួលស្គាល់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តតួនាទីភារកិច្ចទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន៕
អត្ថបទ៖ ម៉ុន សំអាត