ព្យុះ Yagi រាលដាលដល់មីយ៉ាន់ម៉ា សម្លាប់ជិត២០នាក់
បរទេស៖ មនុស្សយ៉ាងតិចចំនួន១៩នាក់បានស្លាប់ ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បណ្តាលមកពីព្យុះសង្ឃរា Yagi បង្កជាទឹកជំនន់ នៅក្នុង និងជុំវិញរដ្ឋធានី ណៃពិដោ (Naypyidaw) របស់ប្រទេស ដែលហែកហួរដោយសង្រ្គាម មួយនេះ។
ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សរាប់ពាន់នាក់ ទៅកាន់កន្លែង មានសុវត្ថិភាព តាមរយៈលើទូក។ អគារមួយចំនួនត្រូវបានជន់លិច ហើយអ្នកស្រុក រួមទាំងស្ត្រី និងកុមារ បានជាប់គាំង នៅលើដំបូលផ្ទះ មុនពេលពួកគេ ត្រូវបាននាំចុះទៅក្នុងទូក។
យោងតាមការវិភាគរូបភាពផ្កាយរណប បានឱ្យដឹងថា នៅជុំវិញរដ្ឋធានី Naypyitaw ផ្ទៃដីប្រហែល ១៦២គីឡូម៉ែត្រការ៉េ ត្រូវបានជន់លិច កាលពីថ្ងៃព្រហស្បតិ៍។
Yagi ជាព្យុះខ្លាំងបំផុត វាយលុកអាស៊ី ក្នុងឆ្នាំ២០២៤។ ព្យុះនេះបានសម្លាប់មនុស្ស នៅវៀតណាម រាប់រយនាក់ ហើយថៃ ក៏មានស្លាប់មនុស្សដែរ ខណៈដែលទឹកជំនន់ដែលហូរចេញពីទន្លេ បានជន់លិចទីក្រុងនានា នៅក្នុងប្រទេសទាំងពីរ៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត