អគ្គមេបញ្ជាការ៖ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យក្លាយជាកងកម្លាំងរៀបរយ មានវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់»។ ការបញ្ជាក់នេះ ក្នុងសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការធានាយ៉ាងរឹងមាំនិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម បន្តដឹកនាំនាវាកម្ពុជា ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្របន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន ហើយខិតខំបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ប្រកបដោយថាមពលខ្លាំងក្លា៕
ដោយ៖ពលជ័យ