សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេស កម្ពុជាវិញ ក្រោយបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរត្រឡប់មកដល់ ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យ ផ្លែផ្កាយ៉ាងត្រចះត្រចង់ ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញបេសកកម្មនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ស្ថាបនិកវេទិកាចំណេះដឹងពិភពលោក ដើម្បី ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ«មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»ព្រមទាំង អញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ។
ក្នុងឱកាសចូលរួមវេទិកាខាងលើនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែង សុន្ទរកថាពិសេស ក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន» ដោយវេទិកានេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេង ៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាពជាដើម។
ក្នុងអំឡុងបំពេញបេសកកម្មនៅកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សា ការងារជាច្រើនជាមួយថ្នាក់ដឹកនាំរបស់សាធារណរដ្ឋកូរ៉េ រួមមានប្រធានាធិបតី និងប្រធានរដ្ឋសភា និង ទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េជាដើម។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពរបស់កម្ពុជា ក៏បានធ្វើដំណើរទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលបានរៀបចំដោយសាកលវិទ្យាល័យ Dongguk University WISE និងបានផ្តល់កិត្តិយសធ្វើបាឋកថា ស្តីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរ ដោយ សង្រ្គាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱនជាដើម។
ក្រៅពីជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទស្សនាតំបន់ទេសចរណ៍ «បូមុន» និងមជ្ឈមណ្ឌលពិព័រណ៍ វប្បធម៌ពិភពលោកឃ្យុងយូ នៅខេត្តឃ្យុងសាបុកដូផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពសិដ្ឋ