ក្រសួងអធិការកិច្ច សម្ភោធ បើកថ្នាក់រៀនភាសាចិន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្លាកថ្នាក់រៀន និងបើកថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រចាំក្រសួងអធិការកិច្ច ដែលនេះជាលើកទីពីរ និងជាលើកដំបូងក្នុងអាណត្តិដែលឯកឧត្តមជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅទីស្តីការក្រសួង ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក វ៉ាង ហ្វុង (WANG FENG) និងលោក តាំង ម៉េងឆុង សហនាយកវិទ្យាស្ថានខុងជឺ ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ និងជួយគាំទ្រដល់ក្រសួងអធិការកិច្ច តាមរយៈការផ្ដល់គ្រូបង្រៀនសម្រាប់ថ្នាក់រៀនភាសាចិនកម្រិតមូលដ្ឋានគ្រឹះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលបានសហការរៀបចំឱ្យមានពិធីសម្ពោធស្លាកថ្នាក់រៀន និងប្រកាសបើកថ្នាក់រៀនភាសាចិននេះឡើង។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអធិការកិច្ច ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវទិសដៅធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំណេះដឹងផ្នែកភាសាបរទេស និងការយល់ដឹងអំពីវប្បធម៌របស់បណ្ដាប្រទេសនានានៅលើសកលលោក គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងចំណងទំនាក់ទំនងរវាងប្រទេសនិងប្រទេស ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែខិតជិតគ្នា។ ជាក់ស្ដែង, ការបន្តបើកថ្នាក់រៀនភាសាចិននេះ នឹងចូលរួមក្នុងការសម្រេចនូវគោលដៅរួមគ្នារវាងប្រទេសកម្ពុជា និងចិន ក្នុងការកំណត់យកឆ្នាំ២០២៤នេះ ដែលជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន គឺជាការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍វាសនារួម និងលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការរៀនសូត្រ ចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា បំផុសសំណួរ និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងបានជូនពរសិក្ខាកាមទាំងអស់ឱ្យទទួលបានលទ្ធផលល្អនៅក្នុងការសិក្សា ហើយឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រ និងកិច្ចសហការរវាងក្រសួងអធិការកិច្ច និងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរឹតចំណងទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនចិនឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ