ពលរដ្ឋងាយរងគ្រោះ ៥១គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ក្នុងស្រុកស្ទឹងត្រង់។
ដោយភ្ជាប់ជាមួយក្តីកង្វល់ និងបណ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន។ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , បរិភោគដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង។
ឯកឧត្តម អ៊ុន ចាន់ដា បានគូសរំលេចថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសយើង មានសន្តិភាព ដូចនេះសន្តិភាពជាមរតកសម្តេចតេជោ មានតម្លៃធំធេងណាស់ សម្រាប់ប្រជាជនកម្ពុជា។ បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅពុំបានសុខសាន្តឡើយ។
អំណោយដែលផ្តល់ជូនមាន អង្ករ , ទឹកត្រី, មីជាតិ, ទឹកស៊ីអ៊ីវ, ត្រីខ , សាប៊ូដុំ , ឃីត ១កញ្ចប់ និងថវិកាមួយចំនួន ៕
ដោយ៖លីពៅ






