ព្យុះដ៏ខ្លាំងបំផុតពុំធ្លាប់មានក្នុងពេល៧០ឆ្នាំ វាយប្រហារក្រុងសៀងហៃ
បរទេស៖ នៅថ្ងៃចន្ទនេះ ព្យុះទីហ្វុង Bebinca ដ៏ខ្លាំងបំផុតពុំធ្លាប់មាន ក្នុងពេលជាង៧០ឆ្នាំ ជាមួយនឹងភ្លៀងធ្លាក់ដ៏ខ្លាំងក្លា បានវាយប្រហារទីក្រុងសៀងហៃ របស់ប្រទេសចិន ដោយជើងហោះហើរ ត្រូវបានលុបចោល និង ផ្លូវហាយវេមួយចំនួន ក៏ត្រូវបានបិទ មិនឲ្យធ្វើដំណើរឆ្លងកាត់។
អាជ្ញាធរក្រុងសៀងហៃ បាននិយាយថា ការប្រកាសអាសន្ន ស្ថិតក្នុងកម្រិតពណ៌ក្រហម ហើយអ្នករស់នៅតាមឆ្នេរសមុទ្រ ត្រូវបានជម្លៀសចេញ។ រដ្ឋបាលឧតុនិយមចិន បាននិយាយថា ព្យុះទីហ្វុងនេះ បានផ្តើមបោកបក់តំបន់ឆ្នេរ នៅPudong ឆ្ពោះទៅភាគខាងកើត ទីក្រុង កាលពីព្រឹកថ្ងៃច័ន្ទ។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ព្យុះនេះគឺជាព្យុះខ្លាំងបំផុត ចាប់តាំងពីព្យុះទីហ្វុង Gloria ធ្លាប់បានវាយប្រហារទីក្រុងសៀងហៃ ក្នុងឆ្នាំ១៩៤៩។ អាជីវកម្មជាច្រើន ត្រូវបានបិទរួចហើយ បើទោះបីជាចំថ្ងៃឈប់សម្រាកសាធារណៈ នៃពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ហើយអ្នកស្រុក២៥លាននាក់ ត្រូវបានណែនាំ ឱ្យជៀសវាងការចាកចេញពីផ្ទះរបស់ពួកគេ។
ជើងហោះហើរទាំងអស់ នៅអាកាសយានដ្ឋាន សំខាន់ៗចំនួនពីរ នៅក្នុងទីក្រុងសៀងហៃ ត្រូវបានផ្អាកដំណើរការ ហើយសេវាសាឡាង និងរថភ្លើងមួយចំនួន ត្រូវបានផ្អាក៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត