សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តជាង៥០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ និង៥៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសាន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តជាង៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ ដោយឥតគិតថ្លៃ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត៥៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ។ នៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តចំនួន៥៦គ្រឿង សម្រាប់រត់ទៅខេត្ដទិសឦសាន មានដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគីរី ពេលបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ កុំឱ្យពិបាកចំណាយថ្លៃរថយន្ដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការរៀបចំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីទទួលបានដំណឹងនេះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ និងត្រៀមរថយន្តជាង៥០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ និង ៥៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសានដោយមិនគិតថ្លៃ។ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយសម្រួលរថយន្តដឹកពួកគាត់ទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ និងដឹកនទៅដើរលេងកំសាន្តនៅខេត្តភាគឦសានប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ

ads banner