នាយករដ្ឋមន្ត្រី ៖ លក្ខខណ្ឌនៃការបណ្ដុះបណ្ដាលគ្រូពេទ្យ ត្រូវតែតឹងរ៉ឹង កុំបន្ទន់ និងទម្លាក់ស្តង់ដាសុខាភិបាល
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា លក្ខខណ្ឌនៃការបណ្ដុះបណ្ដាលគ្រូពេទ្យ ត្រូវតែតឹងរ៉ឹង កុំបន្ទន់ និងទម្លាក់ស្តង់ដាសុខាភិបាល ប៉ុន្តែត្រូវតំឡើងកម្រិតមនុស្សឱ្យខំប្រឹង ឱ្យជួបកម្រិតខ្ពស់ ល្អជាង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានមានប្រសាសន៍ថា គ្រូពេទ្យ មិនមែនជាគណនេយ្យ ដែលធ្វើបញ្ជីខុស អាចកែវិញបានទេ ប៉ុន្តែក្រោយបញ្ចប់ការបណ្ដុះបណ្ដាល គ្រូពេទ្យត្រូវទទួលភារកិច្ចមើលជំងឺស្រាលឱ្យជា កុំឱ្យទៅជាធ្ងន់ ហើយជំងឺធ្ងន់ ត្រូវជួយឱ្យស្រាល ឬរស់ ។ ការលើកឡើងរបស់សម្ដេចធិបតី បន្ទាប់ពីមានការលើកយោបល់ទៅសម្ដេចថា គួរតែមានការបន្ធូរបន្ថយលក្ខខណ្ឌបណ្ដុះបណ្ដាលកម្រិតពេទ្យ កុំឱ្យក្រសួងសុខាភិបាលតឹងរ៉ឹងពេក។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យការបណ្ដុះបណ្ដាលគ្រូពេទ្យទាំងអស់ សូមឱ្យមានស្តង់ដាមួយជាក់លាក់ ហើយមានការចូលរួមវាយតម្លៃពីក្រសួងសុខាភិបាលឱ្យបានគត់មត់ ។ សម្ដេច ថា សុខចិត្ត មានពេទ្យ ១០នាក់ ដែលមានជំនាញច្បាស់លាស់ ជាជាងមានពេទ្យ ៥០នាក់ ដែលមិនប្រាកដប្រជា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវបន្ថែមដល់សកលវិទ្យាល័យសុខាភិបាលទាំងអស់ ទាំងរដ្ឋ និងឯកជន យកចិត្តទុកដាក់ក្នុងការបង្កើនគុណភាពសិស្ស លក្ខខណ្ឌ ហើយធ្វើយ៉ាងណា ជួយជំរុញសិស្សឱ្យបានខ្ពស់ ។ ការបណ្ដុះបណ្ដាល ត្រូវធានាគុណភាព ព្រោះគុណភាព មិនមែនត្រឹមតែធានានូវជីវិតមនុស្សនោះទេ តែជាកិត្តិយស ជាកេរ្តិ៍ឈ្មោះរបស់វិស័យសុខាភិបាលកម្ពុជាទាំងមូល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ