សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការធ្វើទំនើបកម្ម និងបង្កើនគុណភាពសេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានផ្តល់អនុសា​សន៍ ៦ចំណុច ដល់ក្រសួងសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកសុខា​ភិបាលទាំងអស់នៅកម្ពុជា ដើម្បីបង្កើនគុណភាពសេវា​សុខាភិបាលឱ្យកាន់តែល្អ​ដល់​អ្នកជំងឺ និង ប្រជាជន និងការធ្វើទំនើបកម្ម សម្រាប់ការលើកកម្ពស់​ការផ្តល់សេវា​ថែទាំ​សុខភាព នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យ ខេត្តមួយចំនួនផ្សេងទៀត ព្រមទាំងមន្ទីរ​ពេទ្យ​តំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ ។

អនុសាសន៍របស់សម្តេចធិបតី ទាំង ៦ចំណុច បន្ថែមពីលើវិធានការអនុវត្តជាគន្លឹះ និងសកម្មភាពដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពសកលនៅឆ្នាំ២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖

ទី១. ការធ្វើទំនើបកម្ម និង បរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាព នៅមន្ទីរពេទ្យ កាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា ដើម្បីឈានទៅដល់ កម្រិតមួយដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្ត្រមានភាពជាក់លាក់ អាចឆ្លើយតបទៅនឹង លក្ខខណ្ឌជំងឺរបស់បុគ្គលម្នាក់ៗ (Precision Medicine and Personalized Medicine)។ ដូច្នេះក្រសួងសុខាភិបាល ត្រូវយកការធ្វើទំនើបកម្ម និង បរិវត្តកម្មនេះ ធ្វើជាឧត្តមានុវត្តន៍ សម្រាប់ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព, នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យ ខេត្តមួយចំនួនផ្សេងទៀត ព្រមទាំងមន្ទីរពេទ្យ​តំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ ។

ទី២. សូមបង្កើនសកម្មភាពផ្ដល់ការអប់រំ, ការបង្ការ និង ការថែទាំសុខភាពដល់ប្រជាជន, គ្រួ​សារ និងសហគមន៍ សំដៅលើកកម្ពស់ការអនុវត្តរបៀបរស់នៅប្រកបដោយសុខភាព ក៏ដូចជា ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការស្វែងរក និងការប្រើប្រាស់សេវាថែទាំ​សុខ​ភាព រាល់ពេលមានបញ្ហាសុខភាព នៅក្នុងមូលដ្ឋានសុខាភិបាលដែលនៅជិតលំ​នៅឋាន និង ពីអ្នកផ្តល់សេវាសុខាភិបាល ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមាន​សមត្ថភាពពិតប្រាកដ ។

ទី៣. គ្រូពេទ្យ, បុគ្គលិកបច្ចេកទេស និងបុគ្គលិកសុខាភិបាល, ទាំងក្នុងវិស័យសា​ធា​រណៈ និង ឯកជន, ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាល​បឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ, គ្រួសារ​អ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់ ។ លើសពីនេះ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទប្រកបដោយ​ក្រមសីលធម៌វិជ្ជជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំង​លើកទឹកចិត្ត អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល ព្រមទាំងការផ្តល់ចំណេះដឹង និង បទពិសោធអំពីការបង្ករបឋម, ការព្យាបាល, ការបង្ការ,ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ការថែទាំអ្នកជំងឺជាដើម ។

ទី៤. ពង្រឹងការអនុវត្តយន្តការតាមដាន និង កែលម្អគុណភាពសេវានៅមូលដ្ឋានសុខា​ភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការពេញចិត្តចំពោះសេវាអ្នកជំងឺ ឬ អតិថិជន, រៀបចំ​អនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូល​ទាំងសកម្មភាពគ្រប់គ្រងគ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយ​នវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលល្អសម្រាប់ជាឧត្តម​ប្រយោជន៍ដល់​អ្នកជំងឺ និង ប្រជាជន ។ ទន្ទឹមនេះ, ត្រូវលើកកម្ពស់ភាពឆ្លើយតបរហ័ស និងគណ​នេយ្យភាព ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាការ​ជឿទុកចិត្តរបស់អ្នកជំងឺ អតិថិជន និងសាធារណជន តាមរយៈការការអនុវត្តយន្តការ​ទទួល​ព័ត៌មានត្រឡប់ មតិយោបល់ពាក់ព័ន្ធសេវា។

ទី៥. ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូន ប្រជាជនគោលដៅ ដូចជាសាធារណជននូវកម្មវិធីគាំពារសុខភាពសង្គមឱ្យ​ជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ត្រឹមត្រូវនូវសេវាថែទាំសុខភាព នៅក្រោមកម្មវិធីគាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាល និង អំពីនីតិវិធីសម្រាប់ការទទួលបាននូវអត្ថប្រយោជន៍ទាំងនោះ, និងត្រូវធានាថា អ្នកជំងឺគ្រប់រូប រួមទាំងប្រជាជនមានបណ្ណសមធម៌, បណ្ណសមាជិក បសស និង ក្រុមជនគោលដៅដទៃទៀត នៃកម្មវិធីគាំពារសុខភាពសង្គម អាចទទួលបានសេវាថែទាំ សុខភាព ដែលមានគុណភាព និងសុវត្ថិភាពតាមស្តង់ដាបច្ចេកទេស ដោយគ្មានភាពរើសអើង និង មិនគិតអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច ពណ៌សម្បុរ សាសនា ឬ និន្នាការនយោបាយ ។

ទី៦. ជំរុញការអនុវត្តសកម្មភាពអន្តរ/ពហុវិស័យ ឬ ភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនបរិស្ថានគាំទ្រ សម្រាប់ផ្សារភ្ជាប់រវាងការថែទាំបឋមជាមួយសេវាជំនួយសង្គម ការជួយប្រជាជនងាយរងគ្រោះ ឱ្យទទួលបានសេវាសុខភាព និង សេវាសង្គមកាន់តែប្រសើរ ,ការប្រកាន់ ឥរិយាបថល្អដើម្បីសុខភាព, ការលើកស្ទួយការលូតលាស់របស់កុមារក្នុងដំណាក់ ដំបូងនៃជីវិត, ការបង្កឱកាសទទួលបានការសិក្សា, ការបង្ការអំពើហិង្សាក្នុងគ្រួសារ និង ការប្រើប្រាស់គ្រឿងញៀន, ការលើកកម្ពស់ចំណីអាហារសុខភាព និង កន្លែងធ្វើការមានសុវត្ថិភាព,ការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ការពង្រីកសួនច្បារ ឬ ទីកន្លែងសាធារណៈបៃតង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner