វេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីកម្ពុជាឆ្នើមប្រចាំឆ្នាំ២០២៤ ប្រារព្ធនៅខេត្តសៀមរាប
សៀមរាប ៖ពិធីប្រកួតពានរង្វាន់សហគ្រិនស្រ្តីកម្ពុជាឆ្នើមត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារបាយ័ន្តអេរ៉ា ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤ដោយមានអញ្ជើញចូលរួមលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប លោកស្រី ចាន់ តារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី ជា សុកនួន ប្រធានសហគ្រិនស្រ្តីសាខា ខេត្តសៀមរាប លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប ព្រមទាំងស្រ្តីជាម្ចាស់អាជីវកម្ម ក្នុងខេត្តសៀមរាប និងមកពីបណ្តាខេត្តជិត២០០នាក់។
សមាគមសហគ្រិនស្រ្តីឆ្នើមត្រូវបានបង្កើតឡើងរយៈពេល៣ឆ្នាំមកហើយ។ចំណែកពិធីប្រកួតថ្ងៃនេះ គឺជាលើកទី៣ ។សកម្មភាពសមាគមសហគ្រិនស្រ្តីឆ្នើមបានផ្តោតទៅលើស្រ្តីឱ្យមានភាពអង់អាចក្លាហាន ពង្រីកវិសាលភាពយ៉េនឌ័រ ការអនុវត្តច្បាប់ លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថ ផ្តត់គំនិតក្នុងសង្គម ខណៈកន្លងមកស្រ្តីមានការខ្មាសអៀន ។ក្រោមការដឹកនាំរបស់សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញការគាំទ្រភាពអង់អាចក្លាហានរបស់ស្រ្តី និងជាអាទិភាពក្នុងគោលយោបាយ។
លោកស្រី ចាន់ តារី មានប្រសាសន៍ថា ស្រ្តីសម័យទំនើប ត្រូវបានលើកតម្កើងឱ្យមានសិទ្ធិស្មើភាពគ្មារវាងបុរស និងស្រ្តី ។មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ និងឯកជនបានជួយជ្រោមជ្រែង ឱ្យបង្កើតនូវគំនិតបញ្ញាស្មារតី និងចក្ខុវិស័យថ្មីៗដោយគំនិតនិងស្នាដៃរបស់ស្រ្តីកម្ពុជា ។លោកស្រីបានកោតសរសើរចំពោះស្រ្តីឆ្នើមកម្ពុជាឆ្នាំ២០២៤ ដែលបានស្ថាបនាចក្ខុវិស័យ អភិវឌ្ឍន៍នូវគំនិតផ្តួចផ្តើម យុទ្ធសាស្រ្តអាជីវកម្ម ការច្នៃប្រឌិតអាជីវកម្ម ទាំងយុទ្ធសាស្ត្រទីផ្សារ ។លទ្ធផលដែលផ្តល់ដល់សង្គម ការទំនាក់ទំនងរវាងអាជីវកម្ម និងគ្រួសារ ក្នុងនោះស្រ្តីអាចដឹកនាំអាជីវកម្ម និងគ្រប់គ្រងអាជីវកម្ម រួមទាំងការដោះស្រាយបញ្ហាអាជីវកម្ម បានយ៉ាងល្អប្រសើរ ដោយការខិតខំប្រឹងប្រែងបង្កើនមុខរបរ ពង្រីកអាជីវកម្ម ។
មានប្រសាសន៍បន្ថែមលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ស្រ្តី ក្នុងការពង្រឹងសមត្ថភាពយេនឌ័រ លើកកម្ពស់វិសាលភាពស្រ្តីឱ្យមានភាពអង់អាចក្លាហាន ក្នុងការមានច្នៃប្រឌិតផលិតផលដោយស្នាដៃស្រ្តី រួមទាំងពង្រីកអាជីវកម្ម ទាំងការគ្រប់គ្រង ។
សូមជម្រាបថា ពិធីប្រកួតយកពានរង្វាន់សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៤ មានបេក្ខនារីឆ្នើម ចំនួន១៤រូប បានចូលរួមប្រកួតប្រជែង។ក្នុងនេះត្រូវបានជ្រើសរើសយកស្រ្តីឆ្នើមចំនួន៣រូប ដែលបានឆ្លើយសំនួរ និងការរៀបរាប ក្នុងការបម្រើសេវាកម្ម និងការគ្រប់គ្រងអាជីវកម្មភាពល្អ ។ជាលទ្ធផលពានរង្វាន់លេខ១ បានទៅលើលោកស្រី សុខ ឃីម ម្ចាស់សិប្បកម្មប្រហិត ទទួលបានទឹកប្រាក់មួយ១០០០ដុល្លា ព្រមទាំងរង្វាន់ផ្សេងៗ ,លេខ២ បានទៅលើលោកស្រី អ៊ឹង វាំងឌី ម្ចាស់សិប្បកម្មផលិតប្រេងខ្យល់ ទទួលបានថវិកា៧៥០ដុល្លារ និងរង្វាន់ផ្សេងៗ ។ចំណែកលេខ៣បានទៅលើលោកស្រី ហេង ពេជ្រពុទ្ធាវត្តី ម្ចាស់ភោជនីយដ្ឋានពីរនាក់ពូនិងទទួលបានថវិកា៥០០ដុល្លា និងរង្វាន់ផ្សេងៗ៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា