កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២នៃសន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី២១
សៀមរាប៖សន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី២១ បានប្រារព្ធនៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ បន្ទាប់ពីលើកទី១នាឆ្នាំ២០១៥។សន្និសីទនេះមានការចូលរួមពីមេបញ្ជាការកងទ័ពជើងអាកាសទាំង១០ ប្រទេសជាសមាជិកអាស៊ាន។
ថ្លែងក្នុងពិធីបើកសន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ាន នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពអាកាស ក្រសួងការពារជាតិ បានបញ្ជាក់ថា សន្និសីទមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការសាមគ្គីរួមគ្នា ដើម្បីចែករំលែកគ្នាទៅវិញទៅមក នូវព័ត៌មានសន្តិសុខយោធាក្នុងកម្រិតព្រំដែនមួយដែលអាចចែករំលែកបាន ដើម្បីរក្សាសន្តិសុខរួមក្នុងតំបន់ ដើម្បីបង្កើនភាពជិតស្និទ្ធក្នុងតំបន់អាស៊ាន ។
សន្និសីទលើកនេះបានផ្តោតលើការបណ្តុះបណ្តាលកងទ័ពអាកាសជំនាន់ក្រោយ។ទន្ទឹមនេះប្រទេសទាំង១០បញ្ជាក់ពីរួមគ្នាការពារ ទប់ស្កាត់ចរាចរណ៍ ដឹកជញ្ជូនគ្រឿងញៀនតាមអាកាស ទប់ស្កាត់ការជួញដូរមនុស្សតាមអាកាស ទប់ស្កាត់អំពើភេវកម្មតាមអាកាស។ប្តេជ្ញារួមគ្នាក្នុងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចសហការប្រតិបត្តិការ ដឹកជញ្ជូនជនរងគ្រោះ តាមផ្លូវអាកាសដែលជួបនូវហានិភ័យផ្សេងៗ រួមទាំងគ្រោះមហន្តរាយ ដើម្បីរក្សាបាននូវស្ថិរភាពក្នុងតំបន់បណ្ដាប្រទេសនៃអាស៊ាន។
សន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី២១ ពេញមួយព្រឹកបានបញ្ចប់ដោយការចុះអនុស្សរណៈយោគយល់គ្នាកលើកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន បណ្តុះបណ្តាលនូវចំណេះដឹងដល់នាយទាហានបន្តវេន ជួយគ្នាទប់ស្កាត់បញ្ហាផ្សេងតាមផ្លូវអាកាស ៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា