ដល់រដូវជំងឺគោ ក្របី អាជ្ញាធរខេត្តកំពង់ឆ្នាំងរំលឹកឱ្យប្រជាពលរដ្ឋឱ្យនាំយកគោ ក្របី មកចាក់វ៉ាក់សាំង
កំពង់ឆ្នាំង៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគោ ក្របី បានចាប់ផ្តើមនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងយុទ្ធនាការនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់គោ ក្របី
សូមរូតរះនាំយកសត្វពាហនៈមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គោ ក្របី។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងថាការយកគោ ក្របី មកចាក់ទាន់ពេលវេលានាពេលនេះមិនចំណាយលុយកាក់។ការចាក់ថ្នាំការពារ គឺប្រសើរជាងការព្យាបាល។ លោកបានផ្តល់ជាគំនិត បើអាចសូមផ្លាស់ប្ដូរពីការចិញ្ចឹមគោដែលជាពូជតូចៗមកចិញ្ចឹមគោដែលមានពូជធំៗព្រោះវាអាចជួយបង្កើនជីវភាពគ្រួសារ។
យោងតាមរបាយការណ៍របស់ លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុជាព្យាបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាខេត្តកំពង់ឆ្នាំង មានសត្វចិញ្ចឹមជាង៤លានក្បាល ក្នុងនោះគោ ក្របីជាង ២លាន៥សែនក្បាល,បក្សីជាង២លានក្បាល ,ពពែជាង២ពាន់ក្បាល។ ដោយឡែកថ្ងៃនេះសម្រាប់ការចាក់ថ្នាំបងប្អូនប្រជាពលរដ្ឋនៅឃុំខ្លុងពពកនាថ្ងៃនេះមានចំនួន ៥០០ក្បាល ។បើការចាក់វ៉ាក់សាំង នៅថ្ងៃនេះមិនអស់ មន្ត្រីពេទ្យសត្វភូមិចាក់បន្តរហូតដល់អស់គោក្របីក្នុងឃុំខ្លុងពពក៕
ដោយ៖សុខ គឹមសៀន