ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ និងគម្រោងស្ថាបនា ជញ្ជាំងបេតុងប្រឡាយបារាំង ការដ្ឋានសម្រេចបានជាង ១០%
(ភ្នំពេញ)៖ ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែវ ៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ និងគម្រោងស្ថាបនា ជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង ដល់អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ដែលជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១២ និង ១៣កញ្ញានេះ សម្រេចបានជាង ១០ភាគរយហើយ ។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា៖ ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែ៥៦៥០ម៉ែត្រចាប់ពីមហាវិថី ស៊ី ជីនពីង( ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣) ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ ឆ្លងកាត់សង្កាត់កំបូលខណ្ឌកំបូល ដល់ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្ដាល អាចរំដោះទឹកក្នុងខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ នាភូមិសាស្ត្ររាជធានីភ្នំពេញ។
ការដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ជាការដ្ឋានមួយ ស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤ គ្រោងនេះសម្រេចដាក់លូបានប្រវែង ៦២៤ម៉ែត្រ ត្រូវជា ១១%នៃគម្រោង ។
ការស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង(ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣)ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលនោះ គិតត្រឹមថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០២៤ គម្រោងនេះ ការដ្ឋានសម្រេចលទ្ឋផលបានប្រវែង ៣២០ម៉ែត្រ ត្រូវជា ៣០.២៧%នៃគម្រោង ។ គម្រោងនេះនឹងកាត់បន្ថយបាននូវការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា ៖ ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញត្រូវប្រសិទ្ធនាមឈ្មោះផ្លូវជា “មហាវិថី ស៊ី ជីនពីង” កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា៕
ដោយ ៖ ហេង សម្បត្តិ