ក្រសួងកសិកម្ម បញ្ចេញខ្សែវីដេអូពីប្រវត្តិដំណាំកៅស៊ូកម្ពុជា ដែលមានអាយុកាលជាង ១០០ឆ្នាំ និងវិស័យឧស្សាហកម្មកៅស៊ូកម្ពុជានៅសប្តាហ៍នេះ

(ភ្នំពេញ)មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ជំទាវ អ៊ឹម រចនា បានឱ្យដឹងថាក្រសួងនឹងបញ្ចេញខ្សែវីដេអូចំនួន២ក្នុងនេះទី១ ក្រសួងបាន​បញ្ចេញ​ខ្សែវីដេអូពីប្រវត្តិដំណាំកៅស៊ូនៅប្រទេសកម្ពុជាដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ និងវីដេអូទី២ ដែលនិយាយពីដំណាំឧស្សាហកម្មនៅប្រទេសកម្ពុជាទៅថ្ងៃអនាគត​ដែល​បានផ្តោតសំខាន់ទៅលើអតីតកាល បច្ចុប្បន្ន និងអនាគដោយក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និងនេសាទនឹងត្រូវបញ្ចេញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២៤នេះផងដែរ។

នៅថ្ងៃទី១៦ខែកញ្ញានេះដែរ ក្រសួងកសិកម្មបានចេញផ្សាយពី ដំណាំកៅស៊ូ ចាប់ផ្ដើម​មានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់​ឈ្មោះ លោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុង​ភូមិសាស្ត្រ​ស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយ​ផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្រប​សម្រាប់ដំណាំ​កៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ។

ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរប​ស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្ត​កំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី។ ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច បើទោះបីជា​កម្ពុជា​បានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ។

ក្រសួងកសិកម្មបានបន្តឱ្យដឹងថានៅក្នុងវីដេអូនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមនាំទស្សនជនទៅស្គាល់ចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេ បង្អស់ នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចម្ការកៅស៊ូនេះ មានចំនួនដើមកៅស៊ូចាស់ នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ​រកពូជកៅស៊ូ ដែលមានលក្ខខណ្ឌដុះ លូតលាស់ និងផ្ដល់ផលជ័រខ្ពស់ ស្របតាមក្សេត​បរិស្ថានរបស់កម្ពុជា៕

ដោយ៖ម៉ាដេប៉ូ

ads banner