វិស័យអប់រំឯកជន ជាដៃគូរបស់រាជរដ្ឋាភិបាល និងបានដើរតួនាទីសំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស
(ភ្នំពេញ)៖ អ្នកឧកញ៉ា គួច ម៉េងលី បានគូសបញ្ជាក់ក្នុងឱកាសបើកសម្ពោធសាខាថ្មី មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀនអន្ដរទ្វីប អាមេរិកាំង (AIS) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ថា ការសម្ពោធសាខាចំការដូងនេះ គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយទៀត ក្នុងបេសកកម្មផ្តល់ការអប់រំដែលមានគុណភាព ដើម្បីអប់រំសិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា ឱ្យពួកគាត់អាចមានសមត្ថភាពក្នុងការចាប់យកឱកាសនានានៅទូទាំងពិភពលោក ។ អ្នកឧកញ៉ា បានបន្តថា វិស័យអប់រំឯកជន គឺជាដៃគូរបស់រាជរដ្ឋាភិបាល និងបានដើរតួនាទីសំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ។
អ្នកឧកញ៉ា គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន (MJQE) បានមានប្រសាសន៍ទៀតថា ការបើកសម្ពោធសាខាទី២១ និង ២២នេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការអប់រំដែលកំពុងកើនឡើង និងមានសំណូមពរពីអាណាព្យាបាលសិស្ស ដែលជឿទុកចិត្តក្នុងការផ្តល់គុណភាពអប់រំរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ។
អ្នកឧកញ៉ា បានលើកឡើងថា វិស័យអប់រំ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈរដ្ឋ មានសាលារៀនច្រើន ប៉ុន្តែប្រទេសយើង ក៏មានប្រជាពលរដ្ឋច្រើន ដែលកំពុងតែមានតម្រូវការ និងស្វែងរកគុណភាពនៃសិក្សា។ ដូច្នេះហើយរាជរដ្ឋាភិបាល បានគាំទ្រឱ្យវិស័យឯកជន ចូលរួមជាដៃគូ ដើម្បីធ្វើយ៉ាងណា ឱ្យមានសាលាគ្រប់គ្រាន់ ផ្ដល់ឱ្យពលរដ្ឋយើងសិក្សា ជាពិសេស ផ្ដោតលើគុណភាពនៃការអប់រំ ។
នៅក្នុងអាណត្តិនេះ អ្នកឧកញ៉ា មើលឃើញថា វិស័យអប់រំ មានការកែប្រែច្រើន ដោយរដ្ឋបានបង្កើនទាំងថវិកាប្រចាំឆ្នាំ មានការរឹតបន្តឹងគុណភាព មានចងច្បាប់តឹងតែងដើម្បីឱ្យគ្រូធ្វើយ៉ាងម៉េច បង្រៀនសិស្សឱ្យមានគុណភាព ពង្រឹង Stem ឱ្យបានច្រើន ហើយបញ្ចូលនូវបច្ចេកវិទ្យា ដែលទាំងនេះហើយ ជាការជ្រោមជ្រែងលើវិស័យអប់រំរបស់រាជរដ្ឋាភិបាល ។ ដូច្នេះសក្ដានុពលនៅក្នុងវិស័យអប់រំនេះ គឺមានការរីកចម្រើនខ្លាំង ហើយនៅថ្ងៃអនាគត នឹងមានគុណភាពកាន់តែល្អ ឈានដល់ការប្រកួតប្រជែងនៅក្នុងតំបន់ ។
អ្នកឧកញ៉ា បន្តថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) សាខាចំការដូង មានការរចនាស្ថាបត្យកម្មអគារសិក្សា មានរាងជាអក្សរ U ដែលតំណាងលើការប្តេជ្ញាចិត្តរបស់ Aii និង AIS ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សនៅក្នុងសហគមន៍អ្នកសិក្សានៅសតវត្សរ៍ទី២១ ដោយ Aii អាចដាក់សិស្សានុសិស្សបានចំនួន ១២៥០នាក់ និងចាប់ទទួលសិស្សសម្រាប់វគ្គសិក្សាថ្មីទី៨៥ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយ AIS ដាក់សិស្សានុសិស្សបានចំនួន ១២៥០នាក់ នឹងទទួលសិស្សសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។ សិស្សថ្មីទាំងអស់ដែលចុះឈ្មោះចូលរៀននៅ Aii នឹងទទួលបានអាហារូបករណ៍រហូតដល់៤០ភាគរយ សម្រាប់ការចុះឈ្មោះឆ្លងកម្មវិធី និងការចុះឈ្មោះជាក្រុម ។
Aii សាខាចំការដូង ផ្តល់ជូននូវកម្មវិធីភាសាដ៏ទូលំទូលាយ រួមទាំងភាសាអង់គ្លេស និងភាសាចិន ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតឌីប្លូម ដើម្បីធានាបានថា សិស្សានុសិស្សនៅគ្រប់ដំណាក់កាលនៃដំណើរសិក្សារបស់ពួកគេ ទទួលបានការណែនាំប្រកបដោយគុណភាពខ្ពស់បំផុត និងត្រួសត្រាយពួកគេសម្រាប់ភាពជោគជ័យនៅក្នុងសកលភាវូបនីយកម្ម ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ