មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង១៧ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់អំពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧១.០៣០នាក់ (ស្រីចំនួន ៨៦.០៦០នាក់)។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០៥.១៥២នាក់។ អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន ២៥.៧៨២នាក់។ អ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥២.១៥៤នាក់ និងអ្នកមានឈ្មោះបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សរុបមានចំនួន ៩.៩៨៩.៥២៧នាក់ (ស្រី ៥.៣០៣.១៨៦នាក់) ស្មើនឹង ៨៩,០៥% ធៀបនឹងប្រជា-ពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ១១.២១៨.០៦៩នាក់។ ការបញ្ជាក់នេះ ក្នុងសន្នសីទសារព័ត៌មានប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដម បានបន្តថា តួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀតនៅក្នុងថ្ងៃចុងក្រោយនេះ។ អំពីការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មក គ.ជ.ប ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមាន បណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបំពេញរបាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ ដាក់ចូលក្នុងកញ្ចប់តាមនីតិវិធីនៃការវេចខ្ចប់ រួចបញ្ជូនទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងបន្តមក គ.ជ.ប។ ឯកឧត្ដម បានបញ្ជាក់ថា នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំទទួលបានពាក្យបណ្តឹងណាមួយទេគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងការរៀបចំបញ្ជីបោះឆ្នោតដំបូង ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍ថា នៅពេលទទួលបានទិន្នន័យនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ត្រូវធ្វើការផ្ទៀងផ្ទាត់ជាប្រចាំនូវទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត បញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រដោយក្រុមចុះឈ្មោះបោះឆ្នោត ដែលទទួលបានតាមថ្ងៃនីមួយៗ ជាមួយនឹងទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតនៅក្នុងឯកសារ ដែលថតភ្ជាប់មកជាមួយ។ ជារួម នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ត្រូវរៀបចំតាមនីតិវិធីដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតដំបូង មុននឹងធ្វើការបិទផ្សាយជាសាធារណៈ។ គោលដៅនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋបានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ក្នុងករណីរកឃើញថាមានកំហុសឆ្គងនៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះ។
ឯកឧត្ដម ហ៊ែល សារ៉ាត់ បានធ្វើការបូកសរុបថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១៦ថ្ងៃកន្លងមកនេះ ឯកឧត្ដមបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់។ ឯកឧត្ដម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោត ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នីតិវិធីចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្ដម បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ បញ្ចប់ទៅដោយរលូន និងជោគជ័យ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប