អេត្យូពីក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកហាមឃាត់ការនាំចូលរថយន្តសាំងនិងម៉ាស៊ូត

បរទេស៖ ប្រទេសអេត្យូពី ដែលស្ថិតក្នុងទ្វីបអាហ្វ្រិក បានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលហាមប្រាមការនាំចូលរថយន្តប្រើសាំង និងម៉ាស៊ូត ដែលជាសញ្ញានៃការផ្លាស់ប្តូរ យ៉ាងម៉ឺងម៉ាត់ ឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព នេះបើតាមក្រសួងសាធារណការ និងភស្តុភារ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Atq News កាលពីចុងសប្តាហ៍។

ការសម្រេចចិត្តនេះបានធ្វើឡើង ស្របពេលដែលប្រជាជន កន្លងមក បានជួបបញ្ហាខ្វះខាតប្រេងម៉ាស៊ូត ញឹកញាប់ មានទាំងនៅក្នុងរដ្ឋធានី Addis Ababa ទៀតផង។ លោក Dagim Girma ដែលទើបបានទិញរថយន្តអគ្គិសនី នៅឆ្នាំ២០២៤ បានសរសើរការសម្រេចចិត្តនេះ ហើយនិយាយថា លោកសន្សំសំចៃពេលវេលា និងលែងចំណាយលើប្រេងឥន្ធនៈ ទៀតហើយ។

លោក នាយករដ្ឋមន្ត្រី Abiy Ahmed ដែលទទួលបានរង្វាន់ណូបែលសន្តិភាព ឬ Nobel Peace Prize ក្នុងឆ្នាំ២០១៩ បានព្យាយាមកសាងមុខមាត់ ក្នុងនាម ជាជើងឯកបរិស្ថាន។ នៅឆ្នាំ២០២២ លោកបានសម្ពោធទំនប់វារីអគ្គិសនីដ៏ធំបំផុត ប្រចាំទ្វីបអាហ្រ្វិក ដែលបង្កើតថាមពលបាន ១៥៥០មេហ្គាវ៉ាត់ម៉ោង ជាមួយនឹងការរំពឹងទុក ចំនួន៥០០០មេហ្គាវ៉ាត់ម៉ោង នាពេលអនាគត។

លោក Ahmed ប្តេជ្ញាថា នឹងទាញយកអត្ថប្រយោជន៍ ពេញលេញពីអគ្គិសនីបៃតង ឬ ថាមពលស្អាត មានតំលៃថោក ហើយត្រូវបានគេប៉ាន់ស្មានថា មានតម្លៃថោកជាង នៅប្រទេសបារាំង រហូតដល់១០ដង។

ក្រៅពីនេះ លោក Ahmed ក៏បានដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ យ៉ាងទូលំទូលាយ និងឆាប់រហ័ស ហើយបានប្តេជ្ញាចិត្តដាំដើមឈើ ឱ្យបាន៥ពាន់លាន នៅឆ្នាំ២០២៤ ទៀតផង៕

ប្រភពពី Atq News ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner