ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងអ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមការងារ បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមការងារ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
កិច្ចប្រជុំនេះ មានគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម និងក្តីកង្វល់នានា ព្រមទាំងសំណូមពរផ្សេងៗរបស់វិស័យឯកជន។ ជាមួយគ្នានេះ អង្គប្រជុំបានដោះស្រាយបញ្ហាមួយចំនួនចំពោះមុខ ដោយឡែកបញ្ហាផ្សេងទៀត ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សហប្រធាន បានលើកទឹកចិត្តឱ្យបង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗ ដោយមានសមាសភាពពីរដ្ឋនិងវិស័យឯកជន ដើម្បីស្វែងយល់បន្ថែម និងរកដំណោះស្រាយនៅពេលបន្ទាប់។
កិច្ចប្រជុំភាពជាដៃគូនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីសណ្ឋាគារ Hyatt Regency Phnom Penh។ កិច្ចប្រជុំនេះផងដែរនឹងមានការចូលរួមពីសំណាក់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងសមាជិកក្រុមការងារ “ណ” ផ្នែកឯកជន ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ ពីស្ថាប័នរដ្ឋ និងឯកជន តំណាងក្រុមហ៊ុន សមាគមជាតិ និងអន្តរជាតិជាច្រើន។
គួរបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ ១.បញ្ហាក្នុងវិស័យទូរគមនាគមន៍ ២.ការប្រើប្រាស់ប្រព័ន្ធបញ្ជរជាតិតែមួយ ៣. បទល្មើសបច្ចេកវិទ្យា ៤. តំបន់គ្របដណ្តប់សេវាប្រព័ន្ធ អ៊ិនធើណេត និងសេវាទូរស័ព្ទនៅមិនទាន់ពេញលេញ និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ៥. កង្វះខាតធនធានមនុស្សដែលមានជំនាញក្នុងស្រុកលើវិស័យឌីជីថល ៦. ការរៀបចំ Cybersecurity and Data Privacy និងទី៧. ការទទួលស្គាល់ (Type Approval) លើបរិក្ខាវិទ្យុ គមនាគមន៍ និងបរិក្ខារទូរគមនាគមន៍ រៀបចំការបង់ថ្លៃសេវាបន្ថែមទៅលើម៉ូ ឌែលគ្រឿងអេឡិត្រូនិច ដែលមានភ្ជាប់ សេវា Wifi & Blutooth និងការស្នើសុំវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនំាចូលផ្គត់ផ្គង់ និងចែកចាយគ្រឿសម្ភារះបរិក្ខារ ទូរគមនាគមន៍ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា