រដ្ឋ ត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង ដឹកពលរដ្ឋទៅស្រុក ក្នុងនោះ រថយន្តក្រុង ៥៦គ្រឿង ត្រៀមដឹកពលរដ្ឋទៅលេងខេត្តភាគឦសាន
(ភ្នំពេញ)៖ រដ្ឋ បានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅស្រុក ក្នុងនោះ មានរថយន្ត ៥៦គ្រឿង ត្រៀមដឹកប្រជាពលរដ្ឋទៅដើរលេងនៅខេត្តភាគឦសាន ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ខណៈដែលពិធីបុណ្យភ្ជំបិណ្ឌខិតជិតចូលមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ត្រៀមរថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ។ សម្តេច ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាល បានរៀបចំឡានក្រុងចំនួន ៤៩៧គ្រឿង ខណៈឆ្នាំនេះ រាជរដ្ឋាភិបាល នឹងរៀបចំឱ្យមានឡានក្រុងដឹកបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋលបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៥៦គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅលេងខេត្តភាគឦសាន ដូចជា៖ ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី, និងខេត្តមណ្ឌលគិរី ដោយឥតគិតថ្លៃផងដែរ ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ