អស់ពី Yagi! ព្យុះសង្ឃរា ២ទៀតនឹងវាយប្រហារវៀតណាម
ហាណូយ៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមបាននិយាយ កាលពីថ្ងៃអាទិត្យថា ភាគខាងជើង និង ខាងជើងកណ្តាល ប្រទេស អាចនឹងប្រឈមមុខនឹងព្យុះទីហ្វុង មួយ ឬ ពីរ បន្ថែមទៀត នៅមុនដំណាច់ ខែកញ្ញានេះ។
ក្រសួងក៏បានព្រមានអំពីហានិភ័យទឹកជំនន់ ដែលកើនឡើង នាភាគកណ្តាល នៅក្នុងខែតុលា និងវិច្ឆិកា។ ទីភ្នាក់ងារឧតុនិយមជាតិបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង ពាសពេញប្រទេស នាប៉ុន្មានសប្តាហ៍ខាងមុខ។ ប្រភពបានបន្ថែមទៀតថា រដូវវស្សាត្រូវបានគេព្យាករណ៍ថា នឹងចាប់ផ្តើម នៅតំបន់កណ្តាល នាពាក់កណ្តាលខែកញ្ញា ដោយក្នុងនោះ តំបន់ភាគខាងជើង អាចមានភ្លៀងធ្លាក់ច្រើន ជាងមធ្យមភាគតាមរដូវ រហូតដល់៤០%។ ភ្លៀងធ្លាក់នៅតំបន់ភាគកណ្តាល អាចមានលើស ៣០% បើធៀបនឹងកម្រិតទឹកភ្លៀង ក្នុងពេលដូចគ្នា កាលពីឆ្នាំមុន។
គួររម្លឹកថា ព្យុះទីហ្វុង Yagi កាលពីថ្ងៃទី ៧ ខែកញ្ញា បានបង្កជាទឹកជំនន់ និងការបាក់ដី សម្លាប់មនុស្សយ៉ាងហោចណាស់ ២៩២នាក់ ហើយ ៣៨ នាក់ទៀតបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃចន្ទ។ ក្រៅពីនេះ ផ្ទះ៧៣,០០០ ខ្នង រងការខូចខាត, បាក់ស្ពានឆ្លងទន្លេ, ទឹកទន្លេហក់ឡើងដល់កម្រិត មិនធ្លាប់មាន ក្នុងពេលរាប់សិបឆ្នាំ។ វៀតណាមបានវាយតម្លៃបឋមថា ខាតបង់ ១.៦ពាន់លានដុល្លារ ពីព្យុះ Yagi៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត