ក្រុមហ៊ុនសាងសង់កប៉ាល់ Titanic ជួបបញ្ហា
បរទេស៖ ក្រុមហ៊ុនសាងសង់កប៉ាល់ដ៏ល្បីល្បាញ Harland And Wolff ដែលជាអ្នកសង់នាវាTitanic បាននិយាយ កាលពីថ្ងៃចន្ទថា ខ្លួនបានប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុជាថ្មី ដោយបង្ខំឱ្យដកទ្រព្យសម្បត្តិ ដែលមិនមែនជាស្នូល ដើម្បីការពារកន្លែងផលិតកប៉ាល់របស់ខ្លួន។
ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុង Belfast ចក្រភពអង់គ្លេស បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងតែងតាំងអ្នកគ្រប់គ្រងពីខាងក្រៅ ដើម្បីជួយលក់ ឬ កាត់បន្ថយទ្រព្យសម្បត្តិ ដែលមិនមែនជាស្នូល រួមទាំង អាជីវកម្មសាឡាងចម្លង Scilly Ferries របស់ខ្លួន។
ប្រធានប្រតិបត្តិបណ្តោះអាសន្នក្រុមហ៊ុន គឺលោក Russell Downs បាននិយាយថា «ការសម្រេចចិត្តដ៏លំបាកបំផុតត្រូវតែធ្វើឡើង ដើម្បីថែរក្សាអនាគតនៃទីកន្លែងផលិតកប៉ាល់របស់ចក្រភពអង់គ្លេសចំនួន ៤រួមទាំងទីតាំង Belfast សាងសង់កប៉ាល់ Titanic ក្នុងឆ្នាំ១៩១២»។
លោកបានបន្ថែមថា «ជាការប្រឈមមុខនឹងពេលវេលាដ៏លំបាកមួយ ជាប្រវត្តិសាស្រ្ត ជាមួយនឹងការបរាជ័យ មិនទទួលបានហិរញ្ញប្បទាន រយៈពេលវែង» ។
ក្រៅពីកប៉ាល់ Titanic ក្រុមហ៊ុន Harland And Wolff ធ្លាប់បានសាងសង់កប៉ាល់បងប្អូនស្រីចំនួនពីរគ្រឿង គឺកប៉ាល់ Olympic និង Britannic ហើយក៏បានផ្គត់ផ្គង់នាវាចម្បាំងជិត ១៥០ គ្រឿង ក្នុងកំឡុងសង្គ្រាមលោក លើកទីពីរ ផងដែរ។
ក្រុមហ៊ុននេះ បច្ចុប្បន្ន មានបុគ្គលិកចំនួន ១៥០០នាក់ ដោយកាលពីដើមសតវត្សរ៍ទី២០ ធ្លាប់មានរហូតដល់ ៣ម៉ឺននាក់។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៨៦១៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត