យុទ្ធនាការជាតិកម្ពុជាឆ្ពោះទៅ”បញ្ចប់ជំងឺរបេងឆ្នាំ២០៣០”
ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា រួមជាមួយអង្គការខាណា បានរៀបចំវេទិកាមតុមូលមួយដើម្បីបញ្ជ្រាបការយល់ដឹងអំពីជំងឺរបេងដល់អ្នកសារព័ត៌មានសម្រាប់ការផ្សព្វផ្សាយបន្តឱ្យមានភាពត្រឹមត្រូវ និងបានទូលំទូលាយ។ព្រឹត្តិការណ៍នេះក៏ដើម្បីចូលរួមក្នុងយុទ្ធការជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជានាឆ្នាំ២០៣០ផងដែរ។
ក្នុងកម្មវិធីដែលបានរៀបចំឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ មានការចូលពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ឈុន ណា តំណាងនាយកប្រតិបត្តិបតិ្តអង្គការខាណា ,លោក ជួប សុខចំរើន និងលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រួមជាមួយអ្នកសារព័ត៌មានជាតិជិត៧០នាក់មកពី៥៣ស្ថាប័ន។
អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំវេទិកាតុមូលនេះឡើង គឺដើម្បីបង្កើនការយល់ដឹងដល់អ្នកសារព័ត៌មានអំពីជំងឺរបេងយល់ដឹងពីបច្ចុប្បន្នភាពការឆ្លើយតបជំងឺរបេងនៅកម្ពុជា ។ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពន្លឿនការចូលរួមផ្សព្វផ្សាយបន្ត, ស្វែងរកការគាំទ្រ និងចែករំលែកនូវអត្ថបទព័ត៌មានអំពីជំងឺរបេង និងការលុបបំបាត់ការរើសអើងអ្នកជំងឺរបេងងផងដែរ ។
វេទិកាតុមូលនោះបានស្តាប់បទបង្ហាញរបស់លោកវេជ្ជបណ្ឌិត នូ ចាន់លី ជាអ្នកជំនាញផ្នែកជំងឺរបេង នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT)។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា កម្ពុជាមានអត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានខ្ពស់ជាង៩០% ក្នុងរយៈពេល២៤ ឆ្នាំជាប់ៗគ្នា។ ពោលក្នុងឆ្នាំ២០២៣ កម្មវីធីជាតិកំចាត់រោគរបេងសម្រេចបានអត្រាព្យាបាលជោគជ័យ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំកំណត់ត្រឹមតែ ៩០%។នេះបង្ហាញថាកម្ពុជាបានចាកចេញពីប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់នៅលើពិភពលោក។
លោកវេជ្ជបណ្ឌិតបន្តថា បើទោះបីជាទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏កម្មវិធីជាតិកំចាត់រោគរបេង នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញទៅថ្ងៃអនាគតពិសេសដើម្បីរួមចំណែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
ក្រសួងសុខាភិបាលកាលពីឆ្នាំ២០២១ បានដាក់ចេញនូវផែនការជាតិដើម្បីបញ្ចប់ជំងឺរបេងពីកម្ពុជាឆ្នាំ២០២១-ឆ្នាំ២០៣០ ។
ជាមួយគ្នាលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានបញ្ជាក់ក្នុងវេទិកាថា កម្ពុជាមានសុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ដើម្បីឱ្យផែនការបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ សម្រេចបានជោគជ័យតាមផែនការ ប្រសិនបើមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាមួយកម្មវិធីជាតិនៃក្រសួងសុខាភិបាល។
យោងតាមការបញ្ជាក់ពីប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន តួលេខឆ្លងជំងឺរបេងត្រូវបានគេរកឃើញក្នុងចន្លោះពី ៣ម៉ឺនទៅ៣ម៉ឺន៥ពាន់នាក់ នៅក្នុងនោះទៀត ជំងឺរបេងដែលអាចឆ្លងបាន ឬហៅថា របេងដែលមានផ្ទុកវិជ្ជមាន បេកា បានរកឃើញក្នុងរង្វង់ពី ១ម៉ឺន ទៅ១ម៉ឺន៥ពាន់នាក់ក្នុងមួយឆ្នាំៗ។ តួលេខនៃការរកឃើញនេះ ក៏ត្រូវបានអ្នកជំនាញបញ្ជាក់ទៀតថា គឺជាចំនួនដែលកម្ពុជាអាចគ្រប់គ្រងបាន និងឆ្លើយតបទៅកាន់អ្នកជំងឺបានទាន់ពេលវេលា ដោយសារតែកម្ពុជាមិនមានការខ្វះខាតថ្នាំសម្រាប់ការព្យាបាលឡើយ ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា ។ប៉ុន្តែបញ្ហាប្រឈម ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺរបេងនោះផងដែរ កន្លងមកកន្លងត្រូវគេមើលឃើញថា ពួកគេបានទទួលការរើសអើងពីមនុស្សជុំវិញខ្លួន ដោយមានការលើកឡើងខុសពីការពិតថា របេងជាជំងឺតំណពូជ និងព្យាបាលមិនជាសះឡើយ ដែលទាំងនេះគឺជាឧបសគ្គមួយផងដែរ ក្នុងការឈានទៅសម្រេចបានជោគជ័យនៃផែនការបញ្ចប់របេងនៅឆ្នាំ២០៣០។
ឆ្លើយតបនឹងការយល់ខុសពីការពិតនោះ មន្ត្រីជំនាញផ្នែករបេងបានអំពាវនាវឱ្យបញ្ឈប់ការរើងអើងចំពោះពួកគេ និងលើកទឹកចិត្តឱ្យអ្នកជំងឺទាំងនោះប្រញាប់មករកសេវាកម្មព្យាបាល ដោយសារតែការព្យាបាលជំងឺ មិនតម្រូវឱ្យបង់ប្រាក់ឡើយ និងត្រូវបានធានាដោយអ្នកជំនាញថា នឹងទទួលបានលទ្ធផលជាសះស្បើយ១០០% ។ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បានបញ្ជាក់ថា របេង ជាជំងឺឆ្លងមិនមែនជាជំងឺតពូជនោះទេ។ ជំងឺរបេង បង្កឡើងដោយមេរោគរបេង ឬបេកា (BK= Bacille de Kock) ឬ (MTB= Mycobacterium Tuberculosis)។ លក្ខណៈរបស់វា គឺការកើតមានដំបៅនៅក្នុងជាលិកា ជាពិសេសនៅក្នុងសួត។លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺរបេង ជាជំងឺអាចបង្ការ និងអាចព្យាបាលជាសះស្បើយ ដូច្នេះសូមកុំឱ្យមានការរើសអើងចំពោះអ្នកផ្ទុកជំងឺរបេង។
ចំណែកលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បានបញ្ជាក់ថា ការស្វែងរកការព្យាបាលជំងឺរបេង ដោយឥតគិតថ្លៃ ពិតជាមានសារៈសំខាន់ ដើម្បីកុំឱ្យជំងឺនេះឆ្លងទៅសមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួន។
រីឯលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅក្នុងកម្មវិធីនោះក៏បានលើកឡើងផងដែរថា ដើម្បីជាការចូលរួមមួយផ្នែកឱ្យផែនការជាតិបញ្ចប់របេងឆ្នាំ២០៣០ ទទួលបានជោគជ័យ ក្នុងនាមជាអ្នកសារព័តមាន គឺតម្រូវឲ្យមានការចូលរួមផ្សព្វផ្សាយពីបញ្ហាជំងឺរបេងនេះឲ្យបានទូលំទូលាយ និងត្រឹមត្រូវ ដោយយោងទៅតាមប្រភពព័ត៌មានឱ្យបានច្បាស់លាល់ផងដែរ ។
តាមរយៈវេទិកាតុមូលនេះដែរ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានអំពាវនាវដល់ភាគីពាក់ព័ន្ធរួមទាំងអ្នកសារព័ត៌មានផងសូម
ចូលរួមក្នុងយុទ្ធនាការជាតិបញ្ចប់ជំងឺរបេងឆ្នាំ២០២៣៕
ដោយ៖គង់ សុផុល
រូបភាព៖ វេង លឹមហួត