អ្នកនាំពាក្យក្រសួងការពារជាតិ៖ សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មានគោលបំណងជំរុញការផ្លាស់ប្តូរយន្តការព័ត៌មានក្នុងចំណោមកងកម្លាំងអាកាសនៃប្រទេសសមាជិកអាស៊ាន និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន កាន់តែទូលំទូលាយ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ និងជំរុញការបង្កើនសមាហរណកម្ម និងភាពជាដៃគូក្នុងចំណោមកងទ័ពអាកាស។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះថា កងទ័ពអាកាសកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន (AACC) លើកទី២១ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ នេះជាលើកទី២ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទដ៏មានសារសំខាន់នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ក្រោមប្រធានបទ “ការលើកកម្ពស់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតក្នុងចំណោមកងកម្លាំងអាកាសអាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍ” សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ មានគោលបំណងជំរុញការផ្លាស់ប្តូរយន្តការព័ត៌មានក្នុងចំណោមកងកម្លាំងអាកាសនៃប្រទេសសមាជិកអាស៊ាន។ សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន (AACC) លើកទី២១ នឹងធ្វើឱ្យមានភាពរស់រវើកឡើងវិញនូវវេទិកាចែករំលែកព័ត៌មានដែលមានស្រាប់ ដូចជាគេហទំព័ររបស់កងកម្លាំងអាកាសអាស៊ាន និងការបញ្ចូលនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) សម្រាប់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ (HADR) នៅក្នុងការបណ្តុះបណ្តាល និងលំហាត់រួមគ្នាទូទាំងអាស៊ាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើងមក សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន (AACC) បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន កាន់តែទូលំទូលាយ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ និងជំរុញការបង្កើនសមាហរណកម្ម និងភាពជាដៃគូក្នុងចំណោមកងទ័ពអាកាស AMS។ សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន (AACC) ក៏បម្រើជាវេទិកាដ៏មានតម្លៃសម្រាប់ប្រធានអាកាស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការប្រជុំជាទៀងទាត់ និងដោយចេតនាលើបញ្ហាដែលមានផលប្រយោជន៍រួម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបន្តថា កម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលអាចចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ឆ្ពោះទៅរកការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ចាប់តាំងពីថ្ងៃដំបូងនៃសមាជិកភាពអាស៊ានរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងបានរួមចំណែកយ៉ាងសកម្ម និងយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការរបស់អាស៊ានលើគ្រប់វិស័យ។ ការកោះប្រជុំ សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន (AACC) លើកទី២១ នេះ ជាឧទាហរណ៍ពីការប្តេជ្ញាចិត្តរបស់កងយោធពលខេមរភូមិន្ទ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងសន្តិភាពប្រកបដោយនិរន្តរភាពផងដែរ៕
ដោយ៖ពលជ័យ

ads banner