លោក នូ ចំរើន៖ សហព័ន្ធបន្ថែមនូវយុទ្ធសាស្ដ្រអភិវឌ្ឍថ្មី ដើម្បីសម្រេចមហិច្ឆតា ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

(ភ្នំពេញ)៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បញ្ជាក់ថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បាននឹងបន្ថែមនូវយុទ្ធសាស្ដ្រអភិវឌ្ឍថ្មី ដើម្បីសម្រេចមហិច្ឆតា ត្រៀមឆ្ពោះធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ នេះបើតាមការបញ្ជាក់ក្រោយមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៤ និងបន្តអាណត្តិថ្មីទី៥ ២០២៤/២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

អគ្គលេខាធិការសហព័ន្ធខាងលើ បន្ថែមថា ផែនការសហព័ន្ធ គឺធ្វើការអភិវឌ្ឍន៍អោយខ្លាំង ដូចជា គ្រូបង្វឹក កីឡាករ កីឡាការិនី ជាពិសេសគឺរៀបចំ (Track) ទីលានប្រកួតស្តង់ដារមួយសម្រាប់ហ្វឹកហាត់ ក្នុងឆ្នាំ២០២៩ នឹងយុទ្ធសាស្រ្តឆ្នាំក្រោយ ការបណ្ដុះធនធានកុមារ និងកីឡាករជម្រើសរើសជាតិ (Elite) ប្រកបដោយសក្ដានុពលបន្ទាប់ពីទទួលបានជោគជ័យ ឈ្នះមេដាយជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ។

លោក នូ ចំរើន ក៏បានជម្រាបជូនពីសមិទ្ធផលជាច្រើន ក្នុងអាណត្តិចាស់ គឺការមេដាយជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មេដាយប្រាក់១ និងសំរឹទ្ធ១។ លើសពីនេះ សហព័ន្ធក៏បានផលិតនូវធនធានមន្ដ្រីបច្ចេកទេសកម្រិតអន្ដរជាតិជាច្រើន ដែលអាចធ្វើការជាមួយក្រុមការងារមកពីសហព័ន្ធអាស៊ី និងពិភពលោក ព្រមទាំង​មានធនធានគ្រូកម្រិតខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាទោចក្រយាន​កម្ពុជាទៀតផង។

ឯកឧត្តម គឹម សុខុន អនុប្រធានសហព័ន្ធ តំណាងឯកឧត្តម ប៉ាន សូរស័ក្កិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះវត្តមានដ៏ឧត្តុងឧត្តម របស់សមាជិក សមាជិកា នៃអង្គមហាសន្និបាតបញ្ចប់អាណត្តិចាស់ ដើម្បីបន្តអាណត្តិថ្មីខាងមុខ។ សកម្មភាពទាំងនេះពិតជាការគោរព និងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងលក្ខន្តិកៈរបស់សហព័ន្ធ ដើម្បីបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់សហព័ន្ធ និងតម្លាភាពរបស់អង្គការសង្គមមួយ ទទួលបានការអនុញ្ញាតពីអាជ្ញាធរកីឡាជាតិ និងការទទួលស្គាល់ពីអង្គការកីឡាអន្តរជាតិ ផងដែរ ។

ឯកឧត្តមអនុប្រធាន ក៏បានវាយតម្លៃលើរបាយការណ៍ការងារក្នុងអាណត្តិកន្លងមក និងផែនការដាក់ទិសដៅ ភារកិច្ច សម្រាប់អាណត្តិបន្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅរកភាពជោគជ័យថ្មីៗ ថែមទៀត ។

សូមបញ្ជាក់ថា រចនាសម្ព័ន្ធថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងអាណត្តិទី៥ ឆ្នាំ២០២៤-២០២៨ មាន ឯកឧត្តម ប៉ាន សូរស័ក្ដិ បន្ដធ្វើជាប្រធានសហព័ន្ធ ព្រមទាំងអនុប្រធាន ៣រូប គឺមានឯកឧត្តម គឹម សុខុន, ឯកឧត្តម វង្ស ខាន់ពៅ និងឯកឧត្តម ឡាយ សុខសៅគន្ធា។ លោក នូ ចំរើន អគ្គលេខាធិការនិងអគ្គលេខាធិការរង ២រូប ព្រមទាំងកញ្ញា សួង ចាន់តូរ៉ាទី ជាអគ្គហេរញ្ញឹក និងសមាជិកចំនួន ៥នាក់ផ្សេងទៀត ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និង ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner