ក្រសួងកសិកម្ម ចុះហត្ថលេខាលើអនុស្សរណៈជាមួយសាជីវកម្មធានាឥណទានកម្ពុជា
ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងពិធីចុះហត្ថលេខាដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា គឺធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ,ផលិតតាមតម្រូវការទីផ្សារ ,មានគុណភាពល្អ ,កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ឯកឧត្តមបន្តថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ,ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា សាជីវកម្មធានាឥណទានកម្ពុជាជាដៃគូដ៏ល្អ ។ ជោគជ័យនៅក្នុងវិស័យកសិកម្ម ត្រូវការការចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរ និងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តមរដ្ឋលេខាធិការ រស់ សីលវ៉ា ប្រធានសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលបានចូលរួមជាដៃគូ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលប្រឹងប្រែងធ្វើការរួមគ្នារហូតឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះឡើង។ អនុស្សរណៈនេះ នឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ឈានទៅទទួលផលវិជ្ជមានជាផ្លែផ្កា និងលទ្ធផលល្អប្រសើរតាមការរំពឹងទុក ក្រោមម្លប់សុខសន្តិភាព៕
ប្រភព៖ក្រសួងកសិកម្ម