ថៃទទួលទេសចរម៉ាឡេស៊ី១០ម៉ឺននាក់ ត្រឹម៤ថ្ងៃ

បរទេស៖ តំបន់ភាគខាងត្បូង ប្រទេសថៃ បានទាក់ទាញអ្នកទេសចរជនជាតិម៉ាឡេស៊ី ប្រមាណ១០ម៉ឺននាក់ ត្រឹមរយៈពេល៤ថ្ងៃ ដោយចំណាយលុយសរុប ១ពាន់លានបាត ឬ ជាង៣០លានដុល្លារអាមេរិក ចាក់បញ្ជូលទៅក្នុងចរន្តសេដ្ឋកិច្ច។

ប្រធានសមាគមសណ្ឋាគារ Hat Yai-Songkhla លោក Sittipong Sitthipatprapha បាននិយាយថា តាមការស្ទង់មតិ ដែលធ្វើឡើងដោយអាជ្ញាធរ នៅភាគខាងត្បូងប្រទេសថៃ បង្ហាញថា ពេញមួយចុងសប្តាហ៍ដ៏វែង ចាប់ពីថ្ងៃសុក្រទី១៤ ខែកញ្ញា ដល់ថ្ងៃសៅរ៍ អាទិត្យ និងបន្តដល់ថ្ងៃចន្ទ ភ្ញៀវទេសចរជាង១០ម៉ឺននាក់ មកពីប្រទេសម៉ាឡេស៊ី បានទៅលេងភាគខាងត្បូង ជាពិសេស ខេត្ត Hat Yai និង Songkhla ក៏ដូចជា ខេត្តជិតខាង ផ្សេងៗទៀត ដូចជា ខេត្ត Phatthalung, Trang ព្រមទាំង ខេត្តKrabi។

លោកបានលើកឡើងផងដែរថា សណ្ឋាគារជាង៤០០កន្លែង ដែលមានបន្ទប់ស្នាក់នៅសរុប ជាង៣ម៉ឺនបន្ទប់ ត្រូវបានកក់ពេញអស់ ក្នុងអំឡុងថ្ងៃឈប់សម្រាក វិស្សមកាល នេះ។

ទន្ទឹមនឹងនេះ លោក Roosfa Hashim សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ «អ៊ីស្លាមអន្តរជាតិម៉ាឡេស៊ី» បាននិយាយថា លោកបានទៅលេងប្រទេសថៃ ភាគខាងត្បូង អស់រយៈពេល៣០ឆ្នាំ មកហើយ។

លោកបាននិយាយទៀតថា «ចម្ងាយធ្វើដំណើរជិត, ការស្នាក់នៅមានតម្លៃសមរម្យ និងភាពងាយស្រួលនៃការស្វែងរកអាហារហាឡាល់ ធ្វើឱ្យភាគខាងត្បូងថៃ ក្លាយជាគោលដៅកំពូលសម្រាប់ភ្ញៀវទេសចរម៉ាឡេស៊ី។ សរុបមក ការធ្វើដំណើរទៅកាន់ទីនោះ មានភាពងាយស្រួលនិងមានតម្លៃថោក ដែលផ្តល់នូវផាសុកភាព និងការពេញចិត្តជាខ្លាំង។

ក្រៅពីនេះ ការដឹកជញ្ជូនសាធារណៈ ប្រកបដោយប្រសិទ្ធភាព ទាំងផ្លូវគោក និងផ្លូវអាកាស នៅទីនោះ ក៏បានចូលរួមអន្ទងចិត្តអ្នកទេសចរម៉ាឡេស៊ី ផងដែរ នេះបើតាម លោកសាស្ត្រាចារ្យ Roosfa ដដែល៕

ប្រភពពី Straigh Times ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner