អ្នកជំនាញបានរកឃើញស្ថានីយផូស៊ីលសរុប ៦៧ស្ថានីយ ខណៈ ផូស៊ីលស្លឹកឈើថ្មី ទើបតែរកឃើញ នៅខេត្តកំពត
(ភ្នំពេញ)៖ បច្ចុប្បន្ននេះគេបានស្រាវជ្រាវរកឃើញហ្វូស៊ីលចំនួន ៦៧ស្ថានីយដែល ក្នុងចំណោមនេះស្ថិតនៅនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ ខេត្តកំពតជាដើម។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់AMS ថា៖នាថ្មីៗកន្លងមកនេះក្រុមការងាររបស់លោកបានរកឃើញផូស៊ីលស្លឹកឈើនៅភ្នំកកេះ ក្នុងស្រុកទឹកឈូ ខេត្តកំពត។ការរកឃើញនេះវាជាប្រភេទផូស៊ីលស្លឹកឈើច្រើនប្រភេទ ។វាជាស្លឹកឈើរាប់លានឆ្នាំមុនដែលមានអាយុកាលចន្លោះពី៦៥ទៅ១៥០លានឆ្នាំមុន។ផូស៊ីលទាំងនេះគឺជាពពួលប៉ប្រក និងស្លឹកឈើប្រភេទផ្សេងៗទៀត។
ទាក់ទិនទៅនឹងការរុករកផូស៊ីលនេះដែរត្រូវបានលោក លឹម វណ្ណច័ន្ទឱ្យដឹងថា”មានប្រជាពលរដ្ឋជាច្រើនតែងនិយាយថាផូស៊ីលដែលរកឃើញច្រើនជាដើមឈើគគី ដែលតាមពិតវាជាដើមឈើគ្រប់ប្រភេទ។ដើមឈើនីមួយៗសុទ្ធតែអាចក្លាយជាប្រភេទផូស៊ីលទាំងអស់។ដូចជាកាលពីថ្មីៗមកនេះគេយល់ឃើញថាជាផូស៊ីលដើមគគីតែនៅពេលសិក្សាស្រាវជ្រាវ វាជាស្រល់ទៅវិញទេ។ក្រៅពីនេះក៏មានជាប្រភេទទ្រាំង ដើមដូងក៏មានដែរ។វាមានទាំងជាលក្ខណៈដុំតូចនិងខ្លះដុំធំៗ”។
ក្នុងចំណោមផូស៊ីលដែលរកឃើញកន្លងមកត្រូវបាន លោក លឹម វណ្ណច័ន្ទឱ្យដឹងដែរថា ផូស៊ីលមួយចំនួនជាប្រភេទដើមឈើដែលបន្សល់រហូតដល់បច្ចុប្បន្ន និងដើមឈើប្រភេទខ្លះទៀតជាដើមឈើបុរាណដែលមកដល់ពេលនេះបានផុតពូជទៅហើយ។
អ្នកជំនាញរូបនេះបានឱ្យដឹងបន្ថែមថា”សម្រាប់បច្ចេកទេសបច្ចុប្បន្ន យើងនៅខ្វះលទ្ធភាពក្នុងការស្រាវជ្រាវដូចជាយើងខ្វះមន្ទីរពិសោធន៍ យើងខ្វះរោងជាងដើម្បីឱ្យដឹងជាក់ថាផូស៊ីលដែលរកឃើញនេះជាប្រភេទដើមឈើអ្វី សសត្វអ្វី។បើចង់ដឹងថាវាជាផូស៊ីលដើមឈើអ្វីចាំបា់ច់ត្រូវធ្វើតាមមីក្រូទស្សន៍ ។យើងត្រូវកាត់ដុំថ្មផូស៊ីលនឹងជាផែនស្តើងៗដូចឡាម ដែលអាចឆ្លុះពន្លឺបានដើម្បីឱ្យអ្នកជំនាញមើលថា តើវាជាប្រភេទដើមឈើអ្វីប្រាកដ។គេមើលសរសៃខនិច្ច សរសៃស្រូបទឹក ដែលវាបានរក្សាក្នុងផូស៊ីលនេះឱ្យយើងបានដឹង និងវាយតម្លៃបាន”។
ក្នុងការសិក្សាស្រាវជ្រាវនេះដែរត្រូវបានលោក លឹម វណ្ណច័ន្ទឱ្យដឹងថា “មាននិស្សិតខាងផ្នែកបុរាណវិទ្យា និងនិស្សិតមកពី ភូគព្ពសាស្រ្តពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)បានចូលរួមសិក្សាបើទោះបីមិនមែនកម្មវិធីរបស់សាលាក៏ដោយក៏យើងមានកិច្ចសហការ និងអញ្ជើញនិស្សិតមកចូលរួមដើម្បីយកបទពិសោធន៍”។
ក្នុងរយៈពេល ៦ឆ្នាំមកនេះការរុករកស្ថានីយផូស៊ីលសុរប៨៧ ក្នុងនេះបានរកឃើញជាផូស៊ីលសត្វសមុទ្រ ដានជើង ដើមឈើ ស្លឹកឈើ ដាយណូស័រ ជាដើម។បើគិតជាផូសីលវិញមានចំនួនរាប់សិបតោនមកហើយ។
លោក លឹម វណ្ណច័ន្ទ បានបញ្ជាក់ប្រាប់ដែរថាតាមរយៈការចុះស្រាវជ្រាវកន្លងមក ក៏ដើម្បីជាប្រយោជន៍ក្នុងការរកប្រភពដើមកំណើត និងប្រភពកកើតនៃសត្វសម័យកាលដ៏យូរលង់នេះថាវាមានទំនាក់ទំនងគ្នាបែបណា។ដោយក្នុងនេះក្រុមអ្នកជំនាញគេនឹង សិក្សាមើលថាស្រទាប់ថ្ម និងស្រទាប់ដីកន្លែងនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច។
គួរបញ្ជាក់ថាកន្លងមកគេបានរកឃើញ ផូស៊ីលពពួកផ្កាថ្ម (Corals) ជាច្រើនប្រភេទពពួក Crinoids (គ្រីណូអ៊ីត)តិចតួច ពពួក Ammonites (អាម៉ូណាយ) ពពួកខ្យង (Gastropods) ពពួក Brachiopods (ប្រាក្យូផត) ពពួក Bryozoan (ប្រាអូស្យូន) និងប្រភេទសត្វសមុទ្រផ្សេងៗទៀត៕
ដោយ៖ម៉ាដេប៉ូ