គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ពីស្ថានភាពជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តក្រចេះ
ភ្នំពេញ៖គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានប្រាប់ឱ្យដឹងពីស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ ខណៈដែរទឹកជំនន់បានជន់លិចភូមិចំនួន៥ ឃុំដារ ស្រុកចិត្របុរី ។ទន្ទឹមនេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តខេត្តក្រចេះក៏បានចេញសេចក្តីប្រកាសស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់ ក្នុងមូលដ្ឋានខេត្តក្រចេះផងដែរ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ថា ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ៖ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកគិតត្រឹមម៉ោង៧ព្រឹកមានកម្ពុជា១៩.៨៤ម៉ែត្រខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ២២ម៉ែត្រ។
ប្រភពដដែលបន្ថែមថា មានករណីមានភ្លៀងធ្លាក់ចាប់ពីម៉ោង១ដល់ម៉ោង៤ទៀបភ្លឺ បង្កឱ្យមានជំនន់ប៉ះពាល់ភូមិភូមិចំនួន៥ ក្នុងឃុំដារ ស្រុកចិត្របុរី ក្នុងនោះ លិចទីធ្លាវត្តដារ១កន្លែង,លិចសាលាបឋមសិក្សាមដារ១កន្លែង,លិចមណ្ឌលសុខភាពដារ ជម្រៅ ១.៤០ម៉ែត្រទំហំការខូចខាតមិនអាចចវាយតម្លៃបាន។ ដោយឡែកស្រ្តីសម្រាលកូនក្រុមការងារបានសម្រួលគាត់ស្នាក់នៅជាន់ទី១ លិច និងហូរកាត់ផ្លូវ១០កន្លែង ប្រវែង៨.១០០ម៉ែត្រ ,លិចក្រោមផ្ទះ ចំនួន២០ខ្នងផ្ទះមិនប៉ះពាល់ដល់មនុស្ស និងសត្វទេ ។
ទាក់ទងនឹងការជួយអន្តរាគមន៍ និងវិធានការបន្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំ បានយកចិត្តទុកដាក់ ចុះពិនិត្យស្ថានភាព និងត្រៀមកម្លាំង សម្ភារ និងមធ្យោបាយចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្នុងករណីទឹកនៅបន្តកើនឡើង។ បន្តតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ដើម្បីឆ្លើយតបទាន់ពេលវេលា។
គណៈកម្មាធិការគ្រប់ៗណ្ណព្រះមហន្តរាយខេត្ត
ដោយឡែកនៅថ្ងៃទី១៧ ខែកញ្ញា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ (គ.គ.ម.ខ.)បានចេញសេចក្តីស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់ក្នុងមូលដ្ឋានខេត្ត។សេចក្តីប្រកាសបានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និងការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៤ ឃើញថា តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនឹងហក់ឡើង ដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខនេះ។ ស្ថានភាពនេះ អាចបង្កឱ្យកើតមានឡើងនូវជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ គ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងមូលដ្ឋានខេត្តក្រចេះ។
ប្រភពដដែលបន្តថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) សូមធ្វើការណែនាំ ដល់មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចតទៅ៖ រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ ត្រូវត្រួតពិនិត្យធនធានសម្ភារ និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់។រដ្ឋបាលក្រុងស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ/សង្កាត់ ភូមិ ដើម្បីរៀបចំ និងសម្អាត ទីទួលសាធារណៈ និងទីទួលសុវត្ថិភាព ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ។ រដ្ឋបាលក្រុងស្រុក ត្រូវតាមដានព័ត៌មានអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គដែលព្យាករណ៍ដោយ ក្រសួង-ស្ថាប័នជំនាញ និងផ្សព្វផ្សាយបន្ត ឱ្យដល់ប្រជាពលរដ្ឋពិសេស ជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ។រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់ឃុំ/សង្កាត់ និងភូមិ ត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ ហើយត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បន្តកត់ត្រា និងផ្តល់ព័ត៌មាន បច្ចុប្បន្នភាព ស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គរៀងរាល់ថ្ងៃ មកកាន់ គ.គ.ម.ខ.។មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀនឱ្យណែនាំបន្តដល់សិស្សានុសិស្ស និង អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព ការធ្វើដំណើររបស់សិស្សនៅតំបន់ទឹកជំនន់។
សេចក្តីប្រកាសបានរំលឹកថា ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គជាប់ជាប្រចាំ និងត្រូវម្ចាស់ការ ឬ សហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសសត្វពាហនៈ និង ក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព៕
ដោយ៖មុនី