សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គមតាមរយៈការប្រឌិតព័ត៌មានមិនពិត ការភូតភរ ក្លែងបន្លំ និងការញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព និងស្ថិរភាពសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបណ្តុះវប្បធម៌សន្តិភាព និងការរក្សាបានចីរភាពនៃការអភិវឌ្ឍ សង្គមជាតិយើង។ ផ្ទុយពីរាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានប្រឌិតព័ត៌មានមិនពិតគ្មាន មូលដ្ឋានពិតប្រាកដ ញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ការបណ្តុះវប្បធម៌សន្តិភាព និងសន្តិសុខរបស់ប្រទេស។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតីបានបញ្ជាក់ថា សន្តិភាពងាយណាស់ក្នុងការបាត់បង់ តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញ ក៏ត្រូវការពេលវេលា និងការលះបង់ជាច្រើនផង។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សូមបញ្ជាក់សាជាថ្មីឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា «សន្តិភាព» និង ការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។

សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ពិធីអបអរសាទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះនឹង បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈនិងការប្តេជ្ញាចិត្តកាន់តែក្លៀវក្លារបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ កម្ពុជាទាំងអស់ក្នុងការខិតខំការពារសន្តិភាព ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក សំដៅកសាងពិភពលោកមួយ ប្រកបដោយសន្តិសហវិជ្ជមាន ភាពធន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕
ដោយ៖ពលជ័យ

ads banner