ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមថ្លែងសុន្ទរកថាគន្លឹះស្តីពីទស្សនវិស័យកម្ពុជា ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ នៅវិទ្យាស្ថាន ISEAS-Yusof Ishak ប្រទេសសិង្ហបុរី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឺះ  ស្តីពីទស្សនវិស័យកម្ពុជា​ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសសិង្ហបុរី ដែលរៀបចំដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak។  ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ផលប៉ះពាល់គួរឲ្យ​ព្រួយ​បារម្ភនៃការប្រែប្រួលអាកាសធាតុ គឺធ្វើឲ្យមានរលកកំដៅកាន់តែខ្លាំង ព្យុះដែលមិន​ធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេស​កម្ពុជា ឈរនៅជួរមុខនៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់។ ទោះបីជាបែប​នេះ​ក៏ដោយ កម្ពុជា រួមជាមួយនឹងប្រទេសអាស៊ានផ្សេងទៀត បានបោះជំហានទៅមុខ​ក្នុង​ការ​​បង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សា​សីតុណ្ហភាព​ពិភពលោក ឱ្យស្ថិតក្រោមកម្រិត 1.5 ដឺក្រេ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៤ ផ្តោតលើការអភិ​វឌ្ឍ​ន៍​ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន ដែលជាវិធីសាស្រ្តរួម និងជាមាគ៌ា​ឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម ដើម្បីធានាចីរភាពសង្គមទាំងមូល ដោយពង្រឹង​លើការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកល​ភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជា បានបង្កើត​យុទ្ធសាស្ត្រ​ចក្រាវិស័យ​បរិស្ថាន 2023-2028 ដែលផ្តោតលើសសរស្តម្ភបី គឺស្អាត បៃតង និងចីរភាព និងដែល​ជាផែនទីបង្ហាញផ្លូវ សម្រាប់ធានានិរន្តរភាពបរិស្ថាន សុចរិតភាព ភាពធន់នឹងការប្រែ​ប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។  ជាមួយគ្នានេះ កម្ពុជាបានដាក់​ចេញ ផែនការយុទ្ធសាស្រ្តបំរែបំរួលអាកាសធាតុកម្ពុជា (CCCSP) 2024-2033 ដែល​បច្ចុប្បន្នកំពុងរៀបចំអនុវត្ត ហើយឯកសារនេះ តំណាងឱ្យក្របខណ្ឌដ៏ទូលំ​ទូលាយមួយ ផ្តោតលើការបង្កើនភាពធន់ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរួម​បញ្ចូលសកម្មភាពអាកាសធាតុ ទៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា បានចូលរួមចំណែក​ដោះ​ស្រាយ​បញ្ហាសកល ក្នុងនោះបានធ្វើបច្ចុប្បន្នភាពផែនការរួមចំណែករបសជាតិ (NDC) 3.0 ដែលនឹងពង្រឹងបន្ថែមទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការប្រែប្រួល​អាកាស​ធាតុ ដោយកំណត់គោលដៅប្រកបដោយមហិច្ឆិតាបន្ថែមទៀត សម្រាប់ការកាត់បន្ថយ​ការ​បំភាយឧស្ម័នផ្ទះកញ្ចក់ និងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនជាមួយនឹងការ​ប្រែប្រួល​អាកាសធាតុ។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងជំរុញយុទ្ធសាស្ត្រ​រយៈ​ពេល​វែងសម្រាប់ប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ2050។ យុទ្ធសាស្ត្រ​នេះ​​មិនគ្រាន់តែជាផែនទីបង្ហាញផ្លូវសម្រាប់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យសម្រាប់អនាគតប្រកបដោយនិរន្តរភាពផងដែរ។  វិធានការជាច្រើន ផ្សេងទៀត បានដាក់ចេញក្នុងនោះ ការលើកកម្ពស់ថាមពលកកើត​ឡើងវិញ និងប្រសិទ្ធភាពថាមពល ការការពារព្រៃឈើ និងលើកកម្ពស់វិស័យកសិកម្ម​ប្រកប​ដោយនិរន្តរភាព។ ការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050 មិនមែន​គ្រាន់តែជាគោលដៅបរិស្ថានប៉ុណ្ណោះទេ។ វាជាផ្លូវឆ្ពោះ​ទៅរកភាពធន់នឹងសេដ្ឋកិច្ច និង​សមធម៌សង្គម។  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមនៅក្នុងសន្ទរកថា​គន្លឺះ​នាថ្ងៃនេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងផងដែរអំពីវិធានការឆ្លើយតបនឹង​ការប្រែ​ប្រួលអាកាសធាតុ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនទីបង្ហាញផ្លូវ​របស់កម្ពុជា​សម្រាប់ប្រព័ន្ធស្បៀងអាហារ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ 2030 ដែលក្នុងនោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវធន់ទ្រាំ និងប្រព័ន្ធស្បៀង ដែលធន់​ទ្រាំការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជា​ច្រើន​ទៀតនៅអាស៊ីអាគ្នេយ៍ គឺការពង្រឹងលើកំណើនសេដ្ឋកិច្ច ជាមួយនឹងភាពចាំបាច់​ក្នុងការកាត់បន្ថយឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយកាបូន នៅក្នុងវិស័យផ្សេង​ទៀត ក្នុងនោះមានវិស័យថាមពល ការដឹកជញ្ជូន និងកសិកម្ម។

សូមបញ្ជា​ក់ថា ការកសាងរបាយការណ៍ឆ្នាំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ផ្តួចផ្តើម​ដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី ផ្តល់នូវការយល់ដឹង របស់​ពលរដ្ឋអាស៊ីអាគ្នេយ៍ ការយល់ដឹងទាំងនេះ មានសារៈសំខាន់ណាស់ នៅពេលដែលប្រ​ទេស​នានា បន្តកែលម្អគោលនយោបាយ និងយុទ្ធសាស្ត្រអាកាសធាតុ បន្ថែមទៀត​ផងដែរ​៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner