នាយទាហាន កំពុងសម្រាកព្យាបាលរបួស និងជំងឺ បានទទួលថវិកាឧបត្ថម្ភពីមេបញ្ជាការតំបន់សឹករង និងកងកម្លាំងរួមអង្គភាព
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ បានដឹកនាំសហការី ជាថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ ទៅសំណេះសំណាល សាកសួរសុខទុក្ខ លោកវរសេនីយ៍ទោ ប៉ែន ឡន នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុ បណ្ដាលឱ្យបាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងប៉ះពាល់រាងកាយមួយចំនួនទៀត ដោយត្រូវធ្វើការវះកាត់ ហើយកំពុងសម្រាកព្យាបាលរបួស និងជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយ ចំពោះការគ្រោះថ្នាក់ដោយឧបទ្ទវហេតុនេះ ហើយបានណែនាំ ដល់លោកវរសេនីយ៍ទោ ប៉ែន ឡន ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ក្នុងការព្យាបាលរបួស និងជំងឺ ដើម្បីឆាប់បានជាសះស្បើយ វិល ត្រឡប់ទៅបំពេញភារកិច្ចនៅក្នុងអង្គភាពវិញ ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បាននាំយកកន្ត្រកផ្លែឈើ និងថវិកាចំនួន ៣លានរៀល ដែលជាជំនួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភជូន លោកវរសេនីយ៍ទោ ប៉ែន ឡន និងក្រុមគ្រួសារ ដើម្បីចាត់ចែងក្នុងការព្យាបាលជំងឺ និងរបួសនៅពេលនេះ ៕
ដោយ៖ ប៊ុន រដ្ឋា