រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន
សៀមរាប៖ អង្ករ២០តោន , មី ៣០០កេស , ទឹកបរិសុទ្ធ ៣០០កេស និងត្រីខកំប៉ុង ២០កេស ត្រូវបានលោកស្រី សម្បត្តិ ដាញ៉ែល តំណាងក្រុមហ៊ុនសករាជ នាំយកមកប្រគល់ជូនដល់ រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកស្រី សម្បត្តិ ដាញ៉ែល បានបញ្ជាក់ថា ការប្រគល់ជូនអំណោយនាពេលនេះ ដោយមើលឃើញ នូវភាពចាំបាច់ របស់រដ្ឋបាលខេត្តសៀមរាប និង ជាការជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត ក្នុងពេលដោះស្រាយ នូវរាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងរដូវវស្សានេះ ក៏ដូចប្រជាពលរដ្ឋបានជួបនូវប្រធានស័ក្តណាមួយ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
ក្នុងនាមតំណាងរដ្ឋបាលខេត្ត លោក សេង តុងបុត្តា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានថ្លែងអំណរគុណ នូវទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងគោលដៅរួមចំណែក ដោះស្រាយដល់ប្រជាពលរដ្ឋ ខ្វះខាត និងប្រឈមងាយរងគ្រោះ នៅមូលដ្ឋានក្នុងខេត្តសៀមរាប ៕ ដោយ៖ ប៊ុន រដ្ឋា