ប្រទេសន័រវែសមានរថយន្តអគ្គិសនីច្រើនជាងឡានសាំងលើកដំបូង

បរទេស៖ សហព័ន្ធផ្លូវថ្នល់ប្រទេសន័រវេសបាននិយាយ កាលពីថ្ងៃអង្គារថា រថយន្តអគ្គិសនីមានចំនួនច្រើនជាងរថយន្តសាំង នៅក្នុងប្រទេសន័រវេស ជាលើកដំបូង ដែលមិនធ្លាប់មាន។

សហព័ន្ធផ្លូវន័រវេស ដែលហៅកាត់ OFV បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមរថយន្តឯកជន ២.៨ លានគ្រឿងដែលបានចុះបញ្ជីនៅក្នុងប្រទេសអឺរ៉ុបមួយនេះ ៧៥៤,៣០៣គ្រឿង គឺជារថយន្តអគ្គិសនី បើប្រៀបធៀបទៅនឹងឡានប្រើប្រេងឥន្ធនៈវិញ មានចំនួន ៧៥៣,៩០៥គ្រឿង។ យ៉ាងណាមិញ ម៉ូដែលម៉ាស៊ូតនៅតែមានចំនួនច្រើនបំផុត ប៉ុន្តែ ការលក់បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។

លោក Thorsen នាយក OFV បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាប្រវត្តិសាស្ត្រ»។ លោកបន្តថា «ការប្រើប្រាស់អគ្គិសនីកំពុងដំណើរការយ៉ាងឆាប់រហ័ស ហេតុនេះ ន័រវេសកំពុងឆ្ពោះទៅរកការក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលមានការគ្របដណ្តប់លើរថយន្តអគ្គិសនី ច្រើនជាងគេ»។

គួរបញ្ជាក់ថា ន័រវេសដែលជាប្រទេសផលិតប្រេង និងឧស្ម័នដ៏សំខាន់មួយ បានបានដាក់គោលដៅលក់តែរថយន្តដែលមិនបញ្ចេញឧស្ម័នពុល ដោយភាគច្រើន ជារថយន្ត EV ត្រឹមឆ្នាំ២០២៥ ពោលគឺ១០ឆ្នាំមុនគោលដៅ របស់សហភាពអឺរ៉ុប។ អាជ្ញាធរន័រវេសបានផ្តល់ជូនការបញ្ចុះតម្លៃពន្ធយ៉ាងខ្លាំង លើរថយន្ត EV ដែលធ្វើឱ្យពួកវា មានតម្លៃប្រកួតប្រជែង បើធៀបទៅនឹងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងរថយន្តកូនកាត់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner