ព្យុះមួយទៀតអាចវាយលុកវៀតណាមក្នុងថ្ងៃនេះ
ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ កាលពីថ្ងៃអង្គារថា វៀតណាមកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះថ្មីមួយទៀត ដែលអាចកើតមាន នៅថ្ងៃពុធនេះ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារព្យុះសង្ឃរា Yagi បានកើនដល់ជាង ២៩០នាក់ និង បាត់ខ្លួនជិត ៤០នាក់ទៀត ផ្សេងទៀត។
ផ្អែកតាមការព្យាករណ៍ បានបង្ហាញថា ខ្យល់ព្យុះនេះវិវឌ្ឍន៍ពីព្យុះត្រូពិក អាចនឹងវាយប្រហារខេត្តជាប់មាត់សមុទ្រ ហើយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្តាលប្រទេសវៀតណាម ទាំងល្បឿន និងកម្លាំង គួរឲ្យព្រួយបារម្ភ។
វៀតណាមទើបបានធូរស្រាល ពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងបំផុត វាយប្រហារតំបន់អាស៊ីក្នុងឆ្នាំនេះ ដោយបានបោកបក់ នៅឆ្នេរភាគឦសានរបស់ខ្លួន កាលពី១០ថ្ងៃមុន។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយ កាលពីថ្ងៃអង្គារថា ព្យុះទីហ្វុង និងទឹកជំនន់ និងការបាក់ដី ជាបន្តបន្ទាប់បានសម្លាប់មនុស្ស ២៩១នាក់, ៣៨នាក់ផ្សេងទៀតបាត់ខ្លួន និង ជិត២ពាន់នាក់ បានរងរបួស គិតត្រឹមថ្ងៃអង្គារ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត