មន្រ្តី៖ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ និងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់
សៀមរាប៖ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៃខេត្តសៀមរាប ក្រោមប្រធានបទ «ការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ដែលប្រារព្ធនៅសណ្ឋាគារ ប៉ាស៊ីហ្វិកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ និងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ទូលប្រគេននិងថ្លែងទៅកាន់ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រី ពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍ ប្រមាណ៣៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិយាយជារួម ។ជាពិសេសរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់និយាយដោយឡែក ដែលបានបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិល អាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន ។
ចំណែកលោក ឌី រ៉ាដូ អភិបាលរងខេត្តបានថ្លែងថា អង្គការសង្គមស៊ីវិល សមាគម សហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍសង្គមជាតិ ការចូលរួមថែរក្សាសន្តិភាព បរិស្ថាន និង ការលើកស្ទួយការគោរពសិទ្ធិមនុស្ស ជាដើម ។សម្រាប់ខេត្តសៀមរាបលោកកត់សម្គាល់ឃើញថា អង្គការសង្គមស៊ីវិលទាំងអស់ ធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងមានកិច្ចសហការបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់បានល្អ ។
នៅក្នុងវេទិកាសន្ទនានេះដែរ ទាំងអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហគមន៍ក្នុងខេត្តសៀមរាប បានពិភាក្សាយ៉ាងផុសផុល និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម និងសំណូមពរនានា ៕
ដោយ៖ ប៊ុន រដ្ឋា