រកឃើញបំណែកក្បាលនាគ បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម
(ភ្នំពេញ)៖ក្នុងការធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម ក្រុមអ្នកជំនាញបានរកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគតម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។
គួរបញ្ជាក់ថា ការរកឃើញនេះបន្ទាប់ពីក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ដែលកំពុងធ្វើកំណាយនៅទីកន្លែងមួយនេះរួចមក។
បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទតាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់នៅក្នុងដី។
ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។
ប៉ុន្តែ បំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែលផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។
ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមាប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិកគោរពបូជាតាមជំនឿ។
បុរាណវិទូរូបនេះ ឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗរបស់ពុទ្ធបដិមា និងចម្លាក់ផ្សេងៗមួយចំនួនទៀត មានដូចជា ប្រអប់ដៃ ប្រអប់ជើង ដងខ្លួន ជើងទម្រ ព្រះសិរ ជាដើមព៕
ដោយ ៖ ដេប៉ូ