ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ព្រួយបារម្ភពីចេតនាទុច្ចរិតរបស់ក្រុមជ្រុលនិយមក្រៅប្រទេស ពិសេសទណ្ឌិត សម រង្សី ដែលព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត បំភ្លៃសភាពការណ៍ដើម្បីគោលដៅចង់បំផ្លាញសុខសន្តិភាពសង្គមកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល ព្រួយបារម្ភពីចេតនាទុច្ចរិតរបស់ក្រុមជ្រុលនិយមក្រៅប្រទេស ពិសេសទណ្ឌិត សម រង្សី ដែលព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត បំភ្លៃសភាពការណ៍ដើម្បីគោលដៅចង់បំផ្លាញសុខសន្តិភាពសង្គមកម្ពុជា។ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ជាង២០អង្គភាពសមាគមអង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការកណ្តាលសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល។

កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែង ធ្វើកិច្ចការមនុស្សធម៌សង្គមនិងចូលរួមដាំដើមឈើរួមគ្នា នៅមូលដ្ឋាន ជាច្រើនលើកច្រើនសា ក្នុងរយៈពេលត្រីមាសកន្លងមក និងដាក់ទិសដៅអនុវត្តផែនការសកម្មភាពបន្តទៅមុខទៀត។

អង្គប្រជុំក៏បានដាក់ផែនការកំណត់នឹងចុះទៅធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នៅចំណុចព្រំដែនខេត្តចំនួន៤ គឺមានខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលការការធ្វើដំណើរនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមឯកឧត្តម ហែម ប្រសើរ បានមានប្រសាសន៍ថា នៅក្នុងបេសកកម្មមួយនេះ គឺមានវត្តមានចូលរួមពីសមាគមអង្គការមិនមែនរដ្ឋាភិបាល សមាគមអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួន ដែលជាសម្ព័ន្ធភាព និងអតីតបេក្ខភាពក្រុមប្រឹក្សារបស់គណបក្សប្រឆាំងជាច្រើន រូបផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ការចុះទៅធ្វើទស្សនកិច្ចនេះ គឺមិនមែនត្រឹមតែជាការចង់ឃើញបង្គោលព្រំដែនឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែបេសកកម្មនេះ ចង់សិក្សាស្វែងយល់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ក៏ដូចជាមតិយោបល់ការយល់ឃើញរបស់ប្រជាពលរដ្ឋនៅទីនោះ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នៅចំណុចព្រំដែនខេត្តចំនួន៤នេះ។

ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានសម្តែងនូវការព្រួយបារម្ភពីចេតនាទុច្ចរិតរបស់ក្រុមជ្រុលនិយមក្រៅប្រទេស ពិសេសក្រុមទណ្ឌិត សម រង្សី ដែលព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត ផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតព័ត៌មានក្លែងក្លាយ បំភ្លៃសភាពការណ៍ ក្រឡៃការពិត ដើម្បីបម្រើនយោបាយខ្មៅងងឹត ក្នុងគោលដៅចង់បំផ្លាញសុខសន្តិភាពសង្គមកម្ពុជា ដែលកសាងមកបានយ៉ាងលំបាក និងមានការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រតិបត្តិករឯក មគ្គុទេ្ទសនយោបាយឈ្នះឈ្នះ។ ឯកឧត្តមបានរំលឹកថា ប្រជាជនកម្ពុជា ក៏ដូចជាក្រុមគ្រួសាររបស់ឯកឧត្តមផ្ទាល់ ក៏បានបាត់បង់មនុស្សជាទីស្រឡាញ់ យ៉ាងឈឺចាប់បំផុត ដោយសារតែសង្គ្រាមរ៉ាំរ៉ៃដែលអូសបន្លាយចាប់តាំងពីរបបខ្មែរក្រហមរហូតមកដល់កម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដ ក្រោមយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហេតុដូច្នេះតុក្កតាសុខសន្តិភាពមានតម្លៃធំធេងណាស់។

ឯកឧត្តមក៏បានអំពាវនាវដល់សមាគមអង្គការសង្គមស៊ីវិលទាំងអស់ ក៏ដូចជាក្រុមយុវជននិងប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំជឿពាក្យញុះញង់ ក្រុមជ្រុលនិយមក្រៅប្រទេស ពិសេសក្រុមទណ្ឌិត សម រង្សី ដែលព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត ផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតព័ត៌មានក្លែងក្លាយ បំភ្លៃសភាពការណ៍ក្រឡៃការពិត ដើម្បីបំរើនយោបាយខ្មៅងងឹត ក្នុងគោលដៅចង់បំផ្លាញសុខសន្តិភាពសង្គមកម្ពុជា ក្រោមយុទ្ធសាស្រ្ត ប្រើប្រាស់កម្លាំងយុវជននិងពលរដ្ឋ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាពបដិវត្តព៌ណ។ល។ ហេតុដូច្នេះ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំ អង្គការសង្គមស៊ីវិលគណបក្សនយោបាយ នឹងចុះទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្ដែងនៅខេត្តទាំងបួន ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ ប្រទេសវៀតណាម ពិនិត្យមើលជាក់ស្ដែងអំពីជីវភាពប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាពិសេសគឺស្វែងយល់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បីត្រឡប់មកផ្សព្វផ្សាយ ការពិតជូនដល់យុវជននិងប្រជាពលរដ្ឋដែលមិនទាន់បានទៅទស្សនកិច្ចនៅតំបន់នោះផ្ទាល់។

ឯកឧត្តម ហែម ប្រសើរ បានអំពាវនាវយ៉ាងទទូចដល់សមាគមអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមយុវជននិងប្រជាពលរដ្ឋទាំងអស់ សូមឈរលើស្មារតីស្នេហាជាតិ ការពារសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ សន្តិភាព ដែលជាកត្តាសំខាន់បំផុត គ្មានសុខសន្តិភាព គឺគ្មានអ្វីទាំងអស់!


ដោយ៖ពលជ័យ

ads banner