សមាជិកអ្នកធាក់ស៊ីក្លូ ៣០០នាក់ ទទួល អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
(ភ្នំពេញ)៖ លោកជំទាវ ជា ស៊ីណា ឃួង ស្រេងប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារៈ នៃយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ៣០០នាក់ នៅសាលារាជធានីភ្នំពេញ។
លោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងសម្រាប់ពេលនេះ សម្តេចនិងលោកជំទាវបានខ្វាយខ្វល់ចំពោះសុខទុក្ខ លោកអ៊ុ លោកពូដែលជាសមាជិកមូលនិធិត្រីចក្រយាន ដោយបានផ្តល់ជាអំណោយជូនក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះ ដែលទទួលបាន ពី យុទ្ធនាការ ចាស់ អ្នក ថ្មី ខ្ញុំ របស់ សមាគម កាយឫទ្ធិនារី កម្ពុជា ។
លោកជំទាវ ជា ស៊ីណា ឃួង ស្រេងបានមានប្រសាសន៍បន្តទៀតថា៖ សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សំរេចបានលទ្ធផលជាច្រើននិងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន រហូតមានការចូលរួមយ៉ាងគគ្រឹកគគ្រេង។ បើមិនមានការចូលរួមពីបងប្អូនប្រជាណលរដ្ឋ អាជីវករនិងមន្រីរាជការទេ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏មិនអាចមានសកម្មភាពផុលផុសដូចពេលនេះដែរ។
លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួមគ្នាជួយអភិរ័ក្ស ស៊ីក្លូ តាមរយៈការជួយជិះដើរលេងកំសាន្ត ថតរូបជាអនុស្សាវីយ៍ ដើម្បីអោយកូនចៅយើងសម័យក្រោយៗ នៅតែស្គាល់ស៊ីក្លូរបស់យើងរហូតតទៅ។ ជាមួយគ្នានេះលោកជំទាវក៏បានសូមអោយលោកអ៊ុ លោកពូ សមាជិកមូលនិធិត្រីចក្រយាន ខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត៕
ដោយ ៖ ហេង សម្បត្តិ