ឧបនាយករដ្ឋមន្ត្រី៖ បន្ទាប់ពីការចុះបញ្ជីដីធ្លីជិតបញ្ចប់ បញ្ហារសើបខាងនយោបាយរឿងដីធ្លីក៏ធ្លាក់ចុះ
កំពត៖ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា បន្ទាប់ពីការងារចុះបញ្ជីដីធ្លីជិតបញ្ចប់ បញ្ហារសើបខាងនយោបាយរឿងដីធ្លីក៏បានធ្លាក់ចុះច្រើន ព្រោះជម្លោះផ្សេងៗត្រូវបានដោះស្រាយបញ្ចប់។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត។
ក្នុងនាមជាថ្នាក់ដឹកនាំ និងជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពចំពោះកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញគោលនយោបាយទទួលស្គាល់កម្មសិទ្ធិឯកជនអំឡុងឆ្នាំ១៩៨៨ និង១៩៨៩បន្ទាប់ពីប្រទេសឆ្លងផុតពីសង្គ្រាម និងបានផ្តល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាឪពុកដែលបានផ្តល់ដីកេរឱ្យកូនៗ ដើម្បីកសាងនិងអភិវឌ្ឍន៍ជីវភាពគ្រួសារតទៅអនាគត។ ឯកឧត្តមបន្ថែមថា បន្តមកដល់បច្ចុប្បន្ន កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកខិតខំជំរុញការងារចុះបញ្ជីដីធ្លី ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ព្រោះការចេញបណ្ណកម្មសិទ្ធិ ស្មើនឹងទទួលស្គាល់ និងផ្តល់នូវសុវត្ថិភាពកាន់កាប់អចលនទ្រព្យតាមផ្លូវច្បាប់ និងបង្កើនតម្លៃដី។ មកដល់ពេលនេះ ការចុះវាស់វែងដីធ្លីបន្ថែមសរុបបានជាង ៧លានកន្លះក្បាលដី ។បើតាមការប៉ានស្មាន នៅសល់ប្រហែលជាង១លានក្បាលដីទៀតប៉ុណ្ណោះ នឹងបញ្ចប់ការងារចុះបញ្ជីដីធ្លីទាំងស្រុងទូទាំងប្រទេស។
បន្ទាប់ពីការងារចុះបញ្ជីដីធ្លីជិតបញ្ចប់ឯកឧត្តម សាយ សំអាល់ បានកត់សម្គាល់ថា ភាពរសើបខាងនយោបាយដីធ្លីបានធ្លាក់ចុះ។ បច្ចុប្បន្នបញ្ហាសេសសល់ពីមុន បូករួមទាំងបណ្តឹងប្រចាំថ្ងៃ (១០ករណី) ដែលក្រសួងទទួលបានសរុបរង្វង់១ ៥០០ករណីក្នុងមួយឆ្នាំ គឺជាចំនួនមួយតិច ហើយនឹងកាន់តែតិចទៅទៀតនៅឆ្នាំបន្តបន្ទាប់។ តាមរយៈការចុះបញ្ជីដីធ្លីនេះដែរ បញ្ហាពាក់ព័ន្ធនឹងគម្រោងបុរី រឿងដីបឹងទន្លេសាប និងរឿងដីអាជ្ញាធរជាតិអប្សរាជាមួយប្រជាពលរដ្ឋ ត្រូវបានដោះស្រាយបញ្ចប់ស្ទើររួចរាល់ស្របពេលដែលសេវាផ្សេងៗទាក់ទងនឹងដីធ្លី បានបង្កើតឱកាសការងារ ក្នុងវិស័យសំណង់ និងឧស្សាហកម្មចលនទ្រព្យ ជាដើម ជំរុញដល់កំណើនសេដ្ឋកិច្ចពលរដ្ឋ និងប្រទេសជាតិ។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា អនាគតដ៏ខ្លីខាងមុខ សេវាអចលនទ្រព្យដូចជាលក់ផ្តាច់ អំណោយផ្តាច់ និងការបង់ពន្ធជាដើម អាចធ្វើតាមប្រព័ន្ធអេប(App) នៅលើទូរស័ព្ទដៃ ហើយប្រជាពលរដ្ឋមិនបាច់មកស្នើសុំសេវានៅច្រកចេញចូលតែមួយទៀតឡើយ៕
ដោយ៖សិលា សារិន