គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីពង្រីក ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក តាមបណ្តាខេត្ត
(ភ្នំពេញ)៖ គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្បាល់អូឡាំពិក ជូនមន្ត្រីក្នុងគោលបំណងពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកតាមបណ្តាខេត្ត ដើម្បីងាយស្រួលក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា ដែលជាការផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមសកម្មភាពកីឡាទាំងថ្នាក់រាជធានី ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។
លោក ឃ្លាំង ចន្ធូ អគ្កលេខាធិការគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះ គ្រូបង្វឹកទាំងអស់ បានយល់ដឹងច្បាស់លាស់ពីអ្វីទៅជា កីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិកអូឡាំពិក។ ជាពិសេសសល់ដឹងពីបញ្ហាពិការភាពដែលជាកត្តាចម្បង សម្រាប់ពួកគាត់ងាយស្រួលជ្រើសរើសកីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា និងធ្វើការផ្សព្វផ្សាយចលនា កីឡាស្ប៉េស្យាល់អូឡាំពិកឱ្យបានទូលំទូលាយ ទូទាំងខេត្តពោធិ៍សាត់ ការហ្វឹកហាត់ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ការលើកទឹកចិត្ត និងផ្តល់ឱកាស ដល់ជនបញ្ញាខ្សោយឱ្យពួកគាត់បានចូលរួមហាត់ប្រាណ លេងកីឡា ដើម្បីសុខុមាលភាព មានកាយសម្បទាមាំមួន កាត់បន្ថយការរើសអើងនៅក្នុងសង្គម។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា បណ្តុះបណ្តាលនេះ ដើម្បីរួមចំណែកនិងលើកស្ទួយវិស័យពិការភាព ជាពិសេស ការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។ ទទ្ទឹមនឹងនេះផងដែរ ការបណ្តុបះណ្តាលធនធានមនុស្សលើវិស័យកីឡា គឺជាតម្រូវការចាំបាច់ និងមានសារសំខាន់ក្នុងការពង្រឹងពង្រីកនូវរាល់សកម្មភាពកីឡា ដែលជាសេវាកម្មបម្រើសុខុមាលភាពនិងការប្រកួតនានា ក្នុងនោះជនបញ្ញាខ្សោយ ដែលជាជនងាយរងគ្រោះ និងជាបន្ទុករបស់អាណាព្យាបាល ព្រមទាំងជាបន្ទុករបស់រដ្ឋាភិបាលផងដែរ ទើបគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បង្កើតឱ្យមានអនុគណៈកម្មាធិការរាជធានី ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពត បន្ទាយមានជ័យ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏ផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាម ៖
១. ការគោរពចំពោះអ្នកដទៃ
២. ធានាបាននូវបទពិសោធន៍វិជ្ជមាន
៣. ធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន
៤. សេវាកម្មគុណភាពដល់អត្តពលិក
៥. សុខភាព និងសុវត្ថិភាព របស់អត្តពលិក ។
សូមបញ្ជាក់ថា សិក្ខាកាមចូលរួមមកពីខេត្តកំពង់ឆ្នាំង មន្រ្តីមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ត្រីមន្ទីរសុខាភិបាលខេត្ត និងមន្ត្រី គ្រូអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សរុបចំនួន២៥នាក់ ស្រី៥នាក់ ចូលរួម សិក្សារយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤៕
លោក ចាន់ វិចិត្រ