លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តឱ្យសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ ចូលរួម​ផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលស្រូវរបស់កម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មបានលើកទឹកចិត្តដល់​ក្រុម ប្រតិភូ យុវជន ផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលរបស់ខ្មែរ ដូចជា អង្ករ​ប្រណិតពូជផ្ការំដួល ដែលបានជាប់ជាអង្ករល្អបំផុត លើពិភព លោករហូតដល់ទៅ៥ដង និងអង្ករពូជសែនក្រអូប ដែលបានទទួល ពានរង្វាន់មាសពីប្រទេសចិន កាលពីចុងឆ្នាំ​២០២៣ ក៏ដូចជា ផលិតផល គ្រាប់ស្វាយចន្ទី និងម្រេចជាដើម។

ការលើកឡើងពីសំណាក់មន្រ្តីជាន់ខ្ពស់រូបនេះធ្វើឡើងក្នុងពិធីជួបសំណេះ សំណាល ជាមួយគណៈប្រតិភូយុវជន តំណាងក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ​សមាគម​នាវា​យុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងទៅកាន់តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសមាគមន៍ នាវាយុវជន​អាស៊ី​អាគ្នេយ៍ និងប្រតិភូយុវជនចំនួន ១៦រូប ដែលនឹងត្រូវ ទៅចូលរួមកម្មវិធីនាវាយុវជន​អាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៤៨ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ លោកជំទាវបាន​ថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់ប្អូនៗប្រតិភូយុវជន ឱ្យយកចិត្តទុកដាក់ចូលរួម គ្រប់សកម្មភាពរបស់កម្មវិធី ដើម្បីផ្លាស់ប្ដូរបទពិសោធនិងចំណេះដឹង ជាមួយប្រតិភូ​យុវជន​មកពីប្រទេសអាស៊ាន និងជប៉ុន និងជាពិសេស ដើម្បីបង្ហាញថា យុវជន​កម្ពុជា​មានសមត្ថភាពនិងសក្ដានុពល មិនចាញ់យុវជននៃបណ្ដាប្រទេសផ្សេងទៀតឡើយ។

អតីតធ្លាប់ជាប្រតិភូយុវជននៃកម្មវិធីយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៧ កាលពី១៤ឆ្នាំមុន លោកជំទាវបានណែនាំដល់ប្រតិភូយុវជន ប្រកាន់ខ្ជាប់ជានិច្ច​នូវអាកប្បកិរិយាល្អ រក្សាសាមគ្គីភាពក្នុងក្រុមចេះ ស្រឡាញ់គ្នា រក្សាទំនាក់ទំនងល្អ ហើយត្រូវចេះចែករំលែក ចំណេះដឹង រវាងគ្នា ជាជាងយកឈ្នះគ្នា។

លោកជំទាវសង្កត់ធ្ងន់ថា នៅក្នុង កាលៈទេសៈណាក៏ដោយ ប្រតិភូយុវជនមិនត្រូវភ្លេច​ទេថា ខ្លួនគឺជាប្រតិភូ តំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេសចំនួន ១៧លាននាក់ ហើយត្រូវកសាងមិត្តឱ្យបានច្រើន ដើម្បីថ្ងៃអនាគតអាចក្លាយទៅ ជាដៃគូ​សហ​ប្រតិបត្តិការដ៏ល្អ។

នៅក្នុងជំនួបសំណេះសំណាលនេះ លោកជំទាវក៏បានពន្យល់ប្រតិភូ យុវជន អំពីកម្មវិធី​គោល​នយោបាយអាទិភាពទី៥និង៦ សម្រាប់ វិស័យកសិកម្ម គឺការដាក់ពង្រាយមន្ត្រី​បច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការ លើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុង ការលើក​ស្ទួយ​ផលិតផលកសិកម្ម និងប្រាក់ចំណូលរបស់ខ្លួន។

លោកជំទាវបញ្ជាក់ថា វិស័យកសិកម្ម មិនត្រឹមតែបានរួមចំណែក ធានាសន្តិសុខស្បៀ​ងសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងអាចធានា នូវអធិបតេយ្យភាពស្បៀងសម្រាប់​ប្រជាជនខ្លួន ហើយថែមទាំងមាន ស្បៀងសល់សម្រាប់ការនាំចេញដើម្បីរួមចំណែក​ជួយដល់សេដ្ឋកិច្ចជាតិថែមទៀត។

លោកជំទាវ ក៏បានជូនពរក្រុមប្រតិភូ យុវជនទាំងអស់ ទទួលបានជោគជ័យនៅក្នុង​ការចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៤៨ នាពេលខាងមុខនេះ ទាំងសម្រាប់ប្រតិភូយុវជនផង និងសម្រាប់កិត្យានុភាពកម្ពុជា នៅក្នុង តំបន់ផង៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner